ឯកឧត្តម ឆាយ ឫទ្ធិសែន​ បានអនុញ្ញាតជូនលោកស្រី Minnie Chey ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា


រាជធានីភ្នំពេញ៖ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោកស្រី Minnie Chey នាយិកា ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ ទាំងអស់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូនានា ជាពិសេសជាមួយធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើន។ ជាក់ស្តែងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ មូលនិធិ EDCF តាមរយៈធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ផ្តល់នូវឥណទានសម្បទានប្រមាណ ១ ៩៤៦លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដៃគូធំបំផុតទី៣ របស់ EDCF។ កិច្ចសហប្រតិបត្តិការនេះ បានឈានទៅមួយកម្រិតទៀតក្រោយដំណើរទស្សកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលសាធារណរដ្ឋកូរ៉េប្តេជ្ញាចិត្តបង្កើនការផ្តល់ឥណទានសម្បទានរហូតដល់ ៣ ០០០ លានដុល្លារអាមេរិក សម្រាប់កម្ពុជាពីឆ្នាំ២០២២-២០៣០ ។ ក្រោមហិរញ្ញប្បទាន EDCF ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានគម្រោងចំនួន ៧ គម្រោង ដែលមានថវិកាសរុបប្រមាណ ជាង ៤០០ លានដុល្លារអាមេរិក។ គម្រោងទាំងនោះ បាននិងកំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងជាង ១ ៧០០គ.ម និងស្ពានបេតុងចំនួន ៤២ ប្រវែងសរុបប្រមាណ ២,៤គ.ម ព្រមទាំងសំណង់សិល្បការ្យជាច្រើន។ នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរចំពោះ ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដូចជា ការអភិវឌ្ឍភូមិគំរូគន្លឹះនៅជនបទរបស់ក្រសួង ដែលជាផែនការសកម្មភាពមួយដែលក្រសួងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍឆាប់រហ័ស។

លោកស្រី Minnie Chey នាយិកា ធនាគារអាហរ័ណ-នីហរ័ណកូរ៉េប្រចាំនៅកម្ពុជា បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និង Korea Eximbank ក្នុងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទាន EDCF នាពេលកន្លងមក។ លោកស្រីបានមានប្រសាសន៍បន្តទៀតថាក្នុងបេសកកម្មរបស់លោកស្រីអស់រយៈពេលជាង ៣ឆ្នាំ កន្លងមកនេះ បានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃផ្លូវជនបទ ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយដែលមិនអាចខ្វះបាន។ លើសពីនេះផ្លូវទាំងនោះត្រូវមានទាំងគុណភាព និងបរិមាណទើបអាចបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋបាន។ ក្នុងន័យនេះលោកស្រី ក៏បានទទួលយកសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាបានសន្យាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងភាពជាដៃគូបន្ថែមទៀត។

មុននិងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី និងសហការី ដែលបានអញ្ជើញមក និងបានធ្វើការថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូរវាង ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហការជាមួយគ្នាដោយខិតខំ ជំរុញការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរលោកស្រីនាយិកា ដែលបញ្ចប់បេសកកម្មនៅកម្ពុជាឱ្យទទួលបាននូវពរសព្ទសាធុការ និងទទួលបានជោគជ័យក្នុងភារកិច្ចថ្មីផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់លោកស្រី និងសហការី ជាការថ្លែងអំណរគុណ៕