ពិធីចុះហត្ថលេខា និងបិទកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៣ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ នៅប្រទេសសឹង្ហបុរី


នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា និងបិទកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៣ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ នៅប្រទេសសឹង្ហបុរី។ ពិធីខាងលើ ត្រូវបានប្រារព្វធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងជារដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរី។ រដ្ឋមន្រ្តីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រួមមាន៖
១. កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនអ្នកដំណើរ ឆ្លងកាត់ព្រំដែនតាមរថយន្ត។
២. ពិធីសារអនុវត្តន៍កិច្ចសន្យាកញ្ចប់ទី១០ ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសេវាកម្ម។
៣. ពិធីសារទី៣ ស្តីពីកិច្ចសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។
៤. កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីដំណើរការទទួលស្គាល់ទៅវិញទៅមកវិញ្ញាបនបត្របាហុនិកា។
៥. អនុស្សរណៈយោគយល់ រវាងអាជ្ញាធរទទួលបន្ទុកស៊ើបអង្កេតគ្រោះថ្នាក់អាកាសយាននៃរដ្ឋជាសមាជិកអាស៊ាន និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ស្តីពីកិច្ចសហប្រត្តិបត្តិការទាក់ទងនឹងការស៊ើបអង្កេតឧប្បត្តិហេតុ និងគ្រោះថ្នាក់អាកាសយាន។