នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំថតចែករំលែក រូបភាព ឬវីដេអូ ពីទីតាំងឈរជើង ការចល័តកងទ័ព ក្នុងអំឡុងពេលមានសង្រ្គាមតាមព្រំដែន ដែលជាការឈ្លានពានពីភាគីសៀមមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន។
នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា បានរួបរួមសាមគ្គីភាពផ្ទៃ ក្នុងយ៉ាងអស្ចារ្យក្រោមរូមភាពផ្សេងៗ ក្នុងការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធយ៉ាងមោះមុតជាមួយសត្រូវឈ្លានពានសៀម។
ក្នុងនោះ ក៏សង្កេតឃើញមានការកៀរគរថវិការពីជន ដែលមានប្រជាប្រិយដល់សប្បុរសជន ដើម្បីទិញជាសម្ភារៈ ឧបភោគ បរិភោគ និងឧបករណ៍ប្រើប្រាស់ចាំបាច់ផ្សេងៗ ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ក្តៅកំពុងប្រឈមនឹងការធ្វើសង្រ្គាមរកទីទួលមានសុវត្ថិភាព។
ទន្ទឹមនឹងមានទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនសប្បុរសជននេះ នាយកដ្ឋានក៏សូមអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់៖
* ចំពោះប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។
* ដើម្បីបង្កា និងការពារ ពីសុវត្ថិភាពទីតាំង ពីការថតរូបបង្ហោះ សូមធ្វើការបិទ Location Service នៅក្នុងទូរស័ព្ទ របស់បងប្អូន។
នាយកដ្ឋានសូមគោរពថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងពេញទំហឹង គាំទ្រដល់វីរៈកងទ័ពយើងក្នុងពេលដែលសត្រូវកំពុងឈ្លានពាន៕