សម្ដេច ឥស្សរ វិទេសបញ្ញា ហោ ណាំហុង ចាត់តំណាងឲ្យនាំគ្រឿងឧបភោគ បរិភោគ ជូនបងប្អូនភៀសសឹក នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ


ដោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឈ្លានរបស់កងទ័ពថៃមកលើកម្ពុជាយើង ដែលនាំឲ្យប្រជាជនកម្ពុជាយើងនៅតាមបណ្ដោយព្រំដែនភៀសខ្លួនមកនៅខាងក្រោយតំបន់ជម្លោះ។ ដោយមានការឈឺចាប់ និងអានិតអាសូរ បងប្អូនភៀសសឹកខ្មែរយើង ដែលគេចខ្លួនមកនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេច ឥស្សរ វិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានចាត់តំណាងឲ្យនាំគ្រឿងឧបភោគ បរិភោគ ជូនបងប្អូន ភៀសសឹក នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចែកជូនបងប្អូនភៀសសឹកចំនួនសរុប ១៤៧នាក់ ដែលមានចំនួន ៤៧គ្រួសារ។

ក្នុងពេលនោះ សម្ដេចឥស្សរវិទេសបញ្ញា ក៏បានណែនាំតំណាង សម្ដេច សួរសុខទុក្ខ និងចូលរួមការ លំបាកនានារបស់បងប្អូនភៀសសឹកទាំងអស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រមទាំងបងប្អូន ភៀសសឹកទាំងអស់ នៅតំបន់ផ្សេងៗទៀតតាមបណ្ដោយ ព្រំដែនកម្ពុជា-ថៃ។

ដើម្បីជៀសវាងគ្រោះ មហន្ដរាយពីការឈ្លានពានដ៏ឃោរឃៅរបស់កងទ័ពថៃ មកលើកម្ពុជាយើង ដែលនាំឲ្យប្រជាជន តាមបណ្ដោយព្រំដែនរាប់សែននាក់ធ្វើការភៀសខ្លួន ដើម្បីរកកន្លែងសុវត្ថិភាព។

សម្ដេច ឥស្សរ វិទេសបញ្ញា ហោ ណាំហុង បានរំលឹកអំពីការចូលរួមតវ៉ាយ៉ាងស្វិតស្វាញបំផុត នូវការឈ្លានពានយ៉ាងឃោរឃៅរបស់ថៃមកលើតំបន់ប្រាសាទព្រះវិហារកាលពីឆ្នាំ២០០៨-២០១១។ ពេលនោះ សម្ដេច ឥស្សរ វិទេសបញ្ញា ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់តាំងឲ្យទៅការពារតស៊ូយ៉ាង ស្វិតស្វាញ នៅតុលាការអន្ដរជាតិ ICJ ដែលបានជ័យជម្នះជាប្រវត្តិសាស្ត្រជា លើកទី២ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីជ័យជំនះ នៅ ICJ ជាប្រវត្តិសាស្ត្រលើកទី១ កាលពីឆ្នាំ១៩៦២។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ សម្តេចតេជោ ក៏បានបញ្ជា សម្ដេច ឥស្សរ វិទេសបញ្ញា ចូលរួមប្រជុំក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ(UNSC) ដែលក្រុមប្រឹក្សាសន្ដិសុខរបស់ អង្គការសហប្រជាជាតិ បានបញ្ជាឲ្យមានការឈប់បាញ់ ដែលមានន័យថាថៃឈប់ឈ្លានពានកម្ពុជា៕