អ្នកនាំពាក្យក្រសួងការពារជាតិ៖ យន្តហោះកងទ័ពថៃ បានបាញ់ផ្សែងពុលមកលើកងទ័ពកម្ពុជា នៅតំបន់អានសេះ


លោកជំទាវ ម៉ាលី​ សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នៅវេលាម៉ោង ៣៖១៧នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ ខេត្តព្រះវិហារ។

លោកជំទាវបានថ្លែងបែបនេះក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ដធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «វេលាម៉ោង១៥៖១៧នាទី យន្តហោះថៃ បានបាញ់ផ្សែងពុល នៅអានសេះ»

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕