អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅពេលនេះយោធភូមិភាគទី៥ កម្ពុជា កំពុងជួបជាមួយយោធភូមិទី១ ថៃ ហើយយោធភូមិភាគី៤ កម្ពុជា នឹងជួបជាមួយយោធភូមិភាគីទី២ ថៃ នៅម៉ោង១០ព្រឹក


ថ្លែងក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា និងការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា នៅពេលនេះយោធភូមិភាគទី៥ កម្ពុជា កំពុងជួបជាមួយយោធភូមិទី១ ថៃ នៅចំណុចក្បាលស្ពាន ហើយយោធភូមិភាគី៤ កម្ពុជា នឹងជួបជាមួយយោធភូមិភាគីទី២ ថៃ នៅម៉ោង១០ព្រឹកនេះ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដូចនេះថា «ម៉ោងនេះ យុទ្ធភូមិភាគទី៥ កម្ពុជា បានកំពុងជួប​ប្រជុំពិភាក្សាគ្នាជាមួយនឹងយុទ្ធភូមិភាគទី១ ថៃ នៅទីតាំងក្បាលស្ពាន ដែលចាប់ផ្ដើមតាំងពីម៉ោង ៧ព្រឹកមកម្ល៉េះ ចំពោះយុទ្ធភូមិភាគទី៤ និងយុទ្ធភូមិភាគទី២ ថៃ និងយុទ្ធភូមិភាគទី៤ កម្ពុជា និងមានការជួបប្រជុំគ្នានៅអូស្មាច់ នៅវេលាម៉ោង ១០៖០០ សូន្យនាទី»

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ជាមួយគ្នានេះផងដែរក៏មានការប្រជុំគ្នាជាមួយនឹងមេបញ្ជាការភូមិភាគ៣ កម្ពុជា នឹងបញ្ជាការដ្ឋានព្រំដែនចាន់បូរី និង ត្រាត ជាកិច្ចប្រជុំតាមរយៈ Zoom នៅម៉ោង ៩ព្រឹកនេះផងដែរ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ដែរថា ដើម្បីធានាបានជាជំហានបន្ទាប់នូវការឯកភាពគ្នានៃបទឈប់បាញ់ យើងត្រូវតែធ្វើយ៉ាងម៉េចដើម្បីឲ្យមានការធានា និងការអនុវត្តពេញលេញ និងបានម៉ត់ចត់នូវអ្វីដែលបានឯកភាព និងជជែកគ្នារបស់ថ្នាក់ដឹកនាំហើយនោះ គឺត្រូវបង្កើតការតាមដាន និងត្រួតពិនិត្យមួយឡើងប្រសិនបើភាគីទាំងពីរមានការឯកភាព និងមានការជួបជាមួយនឹងក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដែលដឹកនាំដោយប្រធានអាស៊ានគឺប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការនាំមកវិញនូវប្រក្រតីភាព និងទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោកជំទាវឧត្តមសេនីយ៍ឯក បានបន្ថែមថា ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្តបទឈប់បាញ់ ប្រទេសម៉ាឡេស៊ី ក៏នឹងពិគ្រោះយោបល់ផងដែរជាមួយនឹងប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្កេតការណ៍ ដែលឆ្លុះបញ្ចាំងអំពីទឹកចិត្តក៏ការប្ដេជ្ញាចិត្តក្នុងកម្រិតតំបន់លើការគាំទ្រសន្តិភាពនៅលើដីជាក់ស្តែងផងដែរ។

សូមជម្រាបថា ក្រោយកិច្ច​ប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា- ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានព្រមព្រៀងលើបទឈប់បាញ់ដោយសម្រេច ៣ចំណុចដូចតទៅ៖

១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ។

៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕