ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ។
ភាពអង់អាចក្លាហាន និងការលះបង់របស់លោក ឧត្តមសេនីយ៍ឯក ជាគំរូវីរភាពដ៏ឧត្តុងឧត្តមសម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងខ្ញុំទាំងអស់គ្នា យុវជន និងប្រជាពលរដ្ឋគ្រប់រូបនិងចាំទុកនូវគុណូបការៈដ៏ធំធេងនេះ។
តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។
សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញណក្ខន្ធរបស់ លោក ឧត្តមសេនីយ៍ឯក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។