ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យនាយកអង្គការ USAID ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួងកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកស្រី Polly Dunford នាយកអង្គការ USAID ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយពីលោកស្រីបានបញ្ចប់បេសកកម្មនៅកម្ពុជា។ នាឳកាសនេះលោកស្រីសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងសហការីដែលបានចូលរួមយ៉ាងសកម្ម បំពេញមុខងារជាដៃគូអភិវឌ្ឍន៍និងសហការអនុវត្តគម្រោងដែលផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការបណ្តុះបណ្តាលធនធានមនុស្ស ការការពារនិងអភិរក្សធនធានធម្មជាតិ និងគម្រោងស្តីពីការបម្រែបម្រួលអាកាសធាតុ។ លោកស្រីសង្ឃឹមនិងជឿជាក់ថាឯកឧត្តមរដ្ឋមន្រ្តីនឹងបន្តផ្តល់កិច្ចសហការជាមួយប្រធាន USAIDថ្មី ដែលនឹងត្រូវមកជំនួសលោកស្រីឲ្យទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់គម្រោងអភិវឌ្ឍនាពេលអនាគត។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី និងអង្គការ USAID និងសហការីដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រឹងប្រែងបំពេញបេសកកម្មនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានលទ្អផលយ៉ាងល្អប្រសើរ។ នាឳកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំ ឲ្យអង្គការពិនិត្យ ពិចារណាលើលទ្ធភាពផ្តល់គម្រោងអភិវឌ្ឍលើវិស័យផលិតកម្មសត្វ និងវារីវប្បកម្មជាលក្ខណគ្រួសារ ដើម្បីបង្កើនប្រាក់ចំណូល និងកាត់បន្ថយចំណាកស្រុក ពិសេសគម្រោងមួយចំនួនដែលទាក់ទងនិងការអនុវត្តបច្ចេកវិទ្យា កសិកម្មទំនើប និងការកែច្នៃដែលកសិករអាចទទួលយកទៅអនុវត្តបានដើម្បីពង្រឹងនិងពង្រីកផលិតកម្មកសិកម្ម កាត់បន្ថយកម្លាំងពលកម្ម ស្របពេលដែលនិន្នាការពលកម្មក្នុងវិស័យកសិកម្មបាននិងកំពុងតែធ្លាក់ចុះជាបណ្តើរៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោកស្រីបានទទួលយកនូវសំណើនេះទៅពិចារណាសម្រាប់គម្រោងក្រោយៗទៀត។