អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅក្នុងភូមិសាស្រ្តស្រុកសំឡូត ដែលគ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំឱ្យរដ្ឋបាលស្រុក មន្ទីរ អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការទទួលខុសត្រូវដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រព្រឹត្តទៅដោយរលូន និងធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល។

សូមជម្រាបថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុបប្រមាណ១៩៨គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបងឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

ផ្លូវមួយខ្សែនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹកតាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេសក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញ ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅនិងមជ្ឈមណ្ឌលភស្តុភារកម្មដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញដែលនាំឱ្យមានការកកស្ទះចរាចរណ៍ដូចមុនឡើយ៕