សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញអុជធូប និងថ្វាយគ្រឿងសក្ការៈព្រះអង្គធំ រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ ដែលស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
គួររំលឹកថា ទួលប្រាសាទបាសាក់ ស្ថិតក្នុងតំបន់ទួលព្រៃបុរាណ មានទទឹងប្រមាណ២៧ ម៉ែត្រ។ តំបន់នេះ មានចម្ងាយប្រមាណជា៩គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង បច្ចុប្បន្ន។ នៅតំបន់ទួលព្រៃបុរាណនេះ ដែលជារមណីដ្ឋានទេសរណ៍ធម្មជាតិមួយ យ៉ាងល្អប្រណិត គេឃើញមានទួលបុរាណ២ទៀត គឺទួលគោកសំពៅ ដែលស្ថិតនៅប៉ែកខាងត្បូង នៃទួលប្រាសាទបាសាក់ ហើយមានទទឹងប្រមាណជា១៥០ម៉ែត្រ និងទួលតាចង ដែលមានទំហំតូចជាងបន្តិច។
ប្រាសាទបាសាក់ដែលមានបណ្តោយប្រមាណ ៥ម៉ែត្រ គឺជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ក្នុងសម័យវប្បធម៌ចេនឡា ដូចវត្តមានរបស់ក្បាច់ថ្ម ក្លោងទ្វារជាភស្តុតាងស្រាប់។ ថ្វីត្បិតតែប្រាសាទបុរេអង្គរនេះ ត្រូវខ្ទេចខ្ទាំដោយការបំផ្លិចបំផ្លាញក្តី ក៏ប៉ុន្តែទីនោះនៅសល់តួប្រាង្គមួយចំហៀង ដែលមានកំពស់ ២ម៉ែត្រ នៅសល់តែសសរក្លោងទ្វារ មួយតែប៉ុណ្ណោះដែលជា អ្វីមួយអាចបញ្ជាក់នូវកាលបរិច្ឆេទបានយ៉ាងប្រាកដ៕