ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារលិខិត ជូនពរជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ព្រះរាជសារបស់ព្រះមហាក្សត្រមានខ្លឹមសារដូច្នេះថា៖ « ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមប្រសិទ្ធពរជ័យ ជូនសម្តេចអគ្គមហាសេនាបតីតេជោ សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំសូមកោតសរសើរដ៏ស្មោះជាទីបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមាន វីរភាពដ៏ឧត្តុង្គឧត្តម គុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គទេសក៍ដឹកនាំប្រទេសជាតិដ៏ឆ្នើម ជាទីបំផុតប្រកបដោយទេពកោសល្យ គតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងថាមវន្ត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ និងមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យ ព្រមទាំងទទួលបានមហាជោគជ័យក្នុងការដឹកនាំ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននូវភាពល្បីរន្ទឺ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក-សមាជិកា នៃព្រឹទ្ធសភា សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕