សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះទ័យ ផ្ញើសារជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
សារលិខិរបស់សម្តេចម៉ែ មានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែងនូវអំណរសាទរ និងសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះវីរភាពដ៏ឧត្តុង្គ ឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម បានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ និង ម៉ឺងម៉ាត់បំផុត ដឹកនាំប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ សាមគ្គីភាពជាតិជាធ្លុងមួយ ស្ថិរភាពសង្គម និងកសាងសមិទ្ធផលជាតិជាច្រើនគ្រប់បែបយ៉ាងលើគ្រប់វិស័យ ព្រមទាំង បានខិតខំបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនក្នុងសង្គមជាតិ និងលើក តម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅលើឆាកជាតិ និងអន្តរជាតិ។
ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរមហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសមាជិក-សមាជិកា នៃព្រឹទ្ធសភា សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕