អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងបន្តប្រជុំសាមញ្ញ នៅប្រទេសម៉ាឡេស៉ី មានរយៈពេល ២ថ្ងៃហើយ។ លោកស្រីបានបន្តថា កិច្ចប្រជុំវិសាមញ្ញ GBC កម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ លោកស្រីបានថ្លែងបែបនេះក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវ ម៉ាលី សុជាតា «ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC បានបន្តកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាជាមួយភាគីថៃ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលេខា GBC នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥»។
សូមជម្រាបថា កិច្ចប្រជុំ GBC គឺជាផ្នែកមួយបន្ទាប់ពីកម្ពុជានិងថៃ បានឯកភាពដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដែលចូលជាធរមាន នៅម៉ោង០០៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕