មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ជាង៥០០ឆ្នាំហើយ សៀមតែងតែចិញ្ចឹមចិត្ត បង្កហេតុ និង បានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ


លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាង៥០០ឆ្នាំមកហើយនោះ ក្រោយការបែកបាក់រាជធានីអង្គរចាប់ពីសតវត្សទី១៥តរៀងមក ប្រទេសសៀម តែងតែចិញ្ចឹមចិត្ត បង្កហេតុ និង បានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ ក្នុងមហិច្ឆិតាមុតស្រួច សំដៅក្រសោប ច្បាមយកទឹកដីកម្ពុជា។

លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីស្ត្រី ក្នុងការថែរក្សា មរតកវប្បធម៌ដូនតា» នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកម្តងទៀតអំពីព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើត ឡើងដដែលៗ អស់រយៈកាលជាង៥០០ឆ្នាំមកហើយនោះ ក្រោយការបែកបាក់រាជធានីអង្គរចាប់ពីសតវត្សទី១៥តរៀងមក ប្រទេសជិតខាងយើងមួយនេះ តែងតែចិញ្ចឹមចិត្ត បង្កហេតុ និង បានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ ក្នុងមហិច្ឆិតាមុតស្រួច សំដៅក្រសោប ច្បាមយកទឹកដីកម្ពុជា ទុកជារបស់ខ្លួន ដោយបានរកលេសបញ្ឆេះឱ្យកើតជាជម្លោះ បង្កជាសង្គ្រាមវាយលុកចូលមកក្នុង ទឹកដីកម្ពុជា»

លោកជំទាវ នេត្រ ភូម៉ារី បានបន្តថា ជានិច្ចកាល ពួកអមិត្តទាំងនោះតែងរិះរកកលល្បិច ប្រកបដោយពឹសពុល ដើម្បីបោកបញ្ឆោតប្រជាជនខ្មែរទាំងឡាយ ឱ្យភ្លេចភ្លាំង ឈានទៅបំផ្លាញមរតកវប្បធម៌ខ្លួនឯង ដោយ មិនដឹងខ្លួន។ ជាបទពិសោធន៍ ដែលយើងទទួលបាន និងដឹងឮគ្រប់ៗគ្នានោះគឺ តាមរយៈរឿងព្រេងខ្មែរ «ព្រះគោព្រះកែវ» កាលនោះ ពួកសៀមបានប្រើល្បិចកល ដោយយក គោយន្ត មក ប្រជល់ជាមួយ សត្វគោ របស់ខ្មែរ ហើយរឿងរ៉ាវមួយទៀតនោះគឺ ប្រវត្តិនៃការការបែកបាក់រាជធានី លង្វែក ដោយការបាចប្រាក់ដួងរបស់សៀម បោកបញ្ឆោតខ្មែរ។

បើតាមលោកជំទាវ នេត្រ ភូម៉ារី រឿងដដែលនេះបានកើតឡើងម្តងទៀត នៅដើមសតវត្សទី២១នេះ គឺនៅប៉ុន្មានថ្ងៃមុននេះ កងទ័ពថៃបានរកលេស បង្កហតុ ដើម្បីឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជា ដោយបានលើកយក ហេតុផលអំពី បូរណភាពទឹកដី ដែលក្នុងនោះពួកសៀមឈ្លានពានបានបង្កើតព្រឹត្តិការណ៍ជាច្រើន ដូចជាការទាមទារកាន់កាប់កោះគុតក្នុងខេត្តកោះកុង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រហូតដល់តំបន់ម៉ុម៣ក្នុងខេត្តស្ទឹងត្រែង។ ការបង្កហេតុនេះ ចាប់ផ្តើមឡើង ពីការធ្វើបាតុកម្ម រហូតដល់ការបាញ់ សម្លាប់កងទ័ពខ្មែរ ដែលនាំទៅដល់ការផ្ទុះអាវុធដាក់គ្នា។ នៅក្នុងអំឡុងនៃសង្គ្រាមនោះ ទាហានថៃមិនបានញញើត និងបានបំពានលើច្បាប់អន្តរជាតិ ដោយបានបាញ់ និងទម្លាក់គ្រាប់បែកមកលើប្រាសាទបុរាណខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

លោកជំទាវ នេត្រ ភូម៉ារី បានបន្ថែមថា «ទង្វើរបស់អ្នកជិតខាងយើងមួយនេះបានផ្តល់ជាបទពិសោធន៍ និងមេរៀនដ៏ឈឺចាប់ដល់ ប្រជាជនខ្មែរ និងជាពិសេសក្មួយៗទាំងឡាយឱ្យចងចាំ កត់ត្រាទុកជាប្រវត្តិសាស្ត្រ ហើយនាំគ្នា ប្រែក្លាយកំហឹងនេះទៅជាការខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង និងស្វែងយល់ឱ្យបានច្បាស់ អំពីប្រវត្តិសាស្ត្រប្រទេសជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ»

នាឱកាសនោះ លោកជំទាវ នេត្រ ភូម៉ារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារយេនឌ័ររបស់ក្រសួង ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំឱ្យមានកម្មវិធីអប់រំ ផ្សព្វផ្សាយ និងបញ្ច្រាប ការយល់ដឹងអំពី វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ដែលជាមរតកវប្បធម៌ ដ៏ល្អផូរផង់របស់ ប្រជាជនខ្មែរ ដល់ក្មួយៗជាយុវជនយើងជំនាន់ក្រោយនេះ៕