ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការប្រឌិតព័ត៌មានរបស់មន្រ្តី យោធា និងសារព័ត៌មានថៃ ដើម្បីបំបែកមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល គឺអត់ប្រយោជន៍ទេ ផ្ទុយទៅវិញពលរដ្ឋខ្មែរមានតែសាមគ្គីជាមួយរាជរដ្ឋាភិបាលកាន់តែខ្លាំងឡើង។
ឯកឧត្តមបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ការថ្លែងរបស់ឯកឧត្តម ប៉ែន បូណា គឺដើម្បីឆ្លើយតបចំពោះមន្រ្តីថៃ សារព័ត៌មានថៃ និងយោធាថៃ ដែលបានប្រឌិតព័ត៌មានភូតកុហក ក្នុងគោលបំណងមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំបែកបំបាក់មហាសាមគ្គីជាតិខ្មែរ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះ «វិធីសាស្ត្រនេះគ្មានប្រសិទ្ធភាព ដែលមហាជនទូទៅគេទទួលបានព័ត៌មានយ៉ាងទូលំទូលាយរួចស្រេចទៅហើយ។ ដោយឡែក ប្រជាជនកម្ពុជាមានការយល់ដឹងគ្រប់គ្រាន់ និងចេះបែកចែកអាក្រក់ និងល្អ សនិងខ្មៅយ៉ាងច្បាស់។ ដូច្នេះហើយ ការព្យាយាមបញ្ចេញព័ត៌មានភូតកុហកចោទប្រកាន់ថ្នាក់ដឹកនាំកម្ពុជា ក្នុងចេតនាបំបែកបំបាក់ប្រជាពលរដ្ឋខ្មែរពីថ្នាក់ដឹកនាំរបស់ខ្លួន គឺជារឿងអត់ប្រយោជន»។
បើតាមឯកឧត្តម ប៉ែន បូណា នៅពេលថៃបង្កើតព័ត៌មានក្លែងក្លាយ បែរជាចោទកម្ពុជាថា ជាអ្នកផលិតព័ត៌មានក្លែងក្លាយទៅវិញ។ លោកបន្តថា ពលរដ្ឋខ្មែរ និងអន្តរជាតិមិនជឿទាល់តែសោះនូវការភូតភររបស់ថៃ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ពេលនេះជាពេលវេលា ដែលភាគីទាំងពីរ សុច្ចចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀង។ លោកស្នើសូមថៃដោះស្រាយបញ្ហាផ្តៃក្នុងរបស់ខ្លួនដោយខ្លួនឯងចុះ មិនចាំបាច់យកកម្ពុជាភ្ជាប់ ដោយបង្កើតព័ត៌មានក្លែងក្លាយនោះឡើយ ព្រោះមហាជនទទួលព័ត៌មានទូលំទូលាយបាត់ទៅហើយ ពលរដ្ឋកម្ពុជាំចេះបែងចែកព័ត៌មានច្បាស់លាស់ណាស់៕