លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កងទ័ពថៃបានបន្ដរំលោភបំពានយ៉ាងធ្ងន់ធ្ងរចូលដែនអធិបតេយ្យរបស់កម្ពុជា និងមិនខ្លាចញញើតនូវអ្វីដែលបានសន្យាក្នុងបទឈប់បាញ់ ដោយថៃបានបន្ដរៀបចំលេណដ្ឋានបេតុងរឹងមាំ នៅតំបន់អានសេះដែលជាទឹកដីកម្ពុជា។
តាមរយៈសន្និសីទបង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់, លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «ស្ថានភាពនៅតំបន់អានសេះ ដែលកងទ័ពថៃបានធ្វើការរំលោភបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ នៅវេលាម៉ោង៩៖០៩នាទីព្រឹក គ្រឿងចក្រថៃបានបន្ដជីក (ជីកលេណដ្ឋាន), ហើយនៅម៉ោង៩៖៥០នាទី មានរថយន្ដរបស់ថៃមួយគ្រឿង បានដឹកបេតុងលេណដ្ឋាន ក្នុងនោះកង់ឡាន និងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន, នៅវេលាម៉ោង៩៖៥៣នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង១០៖៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលិស ចម្ងាយពីទីតាំងកងទ័ពកម្ពុជាឈរជើង ប្រហែល១៥ម៉ែត្រ និងបន្ដដាក់លូ និងកង់ឡានធ្វើលេណដ្ឋាន»។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា, នេះជាសកម្មភាពដ៏គឃ្លើនរបស់ភាគីថៃ ដែលរំលោភបំពានលើបទឈប់បាញ់ និងរំលោភបំពានលើបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើការទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឲ្យរុះរើសនូវបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ចេញពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយទេ ដោយភាគីទាំងសងខាងកំពុងពិភាក្សា និងចរចាគ្នា។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា មកទល់ពេលនេះភាគីទាំងពីរកម្ពុជា-ថៃ កំពុងបន្ដពន្យល់គ្នា និងជំរុញឲ្យភាគីថៃបញ្ឈប់រាល់សកម្មភាពរំលោភបំពាន ដែលនាំមកនូវភាពតានតឹង និងរំខានដល់ដំណើរការនៃការដោះស្រាយដោយសន្ដិវិធី ឆ្ពោះទៅធ្វើឲ្យស្ថានការណ៍ល្អប្រសើរដូចបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចូលរួមចំណែកដល់សន្ដិភាព និងស្ថេរភាពយូរអង្វែងនៅក្នុងតំបន់។
កម្ពុជា សូមគូសបញ្ជាក់ថា ទីតាំងតំបន់អានសេះ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ត្រូវចូលជាធរមាន កាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥យ៉ាងពិតប្រាកដ។ កងកម្លាំងកម្ពុជា គាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្ដរជាតិ និងដោយសន្ដិវិធី ហើយកម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងពុះពារយ៉ាងមុះមុតអង់អាចក្លាហានការពារទឹកដីរបស់កម្ពុជាឲ្យខាងតែបាន៕