អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា អនុព័ន្ធយោធាម៉ាឡេស៊ី កំពុងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៧ប្រទេស បំពេញទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តបទឈប់បាញ់


លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាម៉ាឡេស៊ី ដែលជាប្រធាន កំពុងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៧ប្រទេស នៃសមាជិកអាស៊ាន បានចុះបំពេញទស្សនកិច្ចនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តបទឈប់បាញ់។

ការចុះពិនិត្យបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៧ប្រទេស បានធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសបន្តរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅវេលាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញពីសមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យរួមមាន៖

ទី១៖ អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)
ទី២៖ អនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំកម្ពុជា
ទី៣៖ អនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំកម្ពុជា
ទី៤៖ អនុព័ន្ធយោធាសិង្ហបុរី ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ
ទី៥៖ ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា
ទី៦៖ ជំនួយការអនុព័ន្ធយោធាឡាវ ប្រចាំកម្ពុជា
និងទី៧៖ ជំនួយការអនុព័ន្ធយោធាហ្វីលីពីន ប្រចាំកម្ពុជា។

គួរឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ បានសម្រេចនូវកិច្ចព្រមព្រៀង១៣ចំណុច។ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងភាគីថៃដឹកនាំដោយ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានីត។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ានប្ដូរវេន និងមានការចូលរួមពីតំណាងសហរដ្ឋអាម៉េរិក និងសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ៕