«ព្រះពុទ្ធបដិមា» កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន ត្រូវបានរៀបចំពិធីរំកិលដាក់លើបល្ល័ង្ក នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ សម្រាប់តម្កល់ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ពិធីបែបព្រះពុទ្ធសាសនានេះ បានរៀបចំឡើង ដោយមានការយាងនិមន្ត ពីសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលប្រារព្ធធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងលោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។
បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់, ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
បន្ថែមពីនេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ ព្រលានយន្តហោះទាំងអស់ ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។
លើសពីនោះទៀត អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជា កាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះ គឺរំពឹងថា នៅក្នុងរាល់រចនាបថ ការរៀបចំទាំងអស់ក្នុងព្រលាននេះ គឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះ។
ជាពិសេស ដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ បានមើលឃើញថា ជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា។ នេះជាការគូសបញ្ជាក់បន្ថែម ពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់។
បើតាមអ្នកឧកញ៉ា ឆារស៍ វ៉ាន់, ក្រៅពីព្រះពុទ្ធបដិមានេះ ក៏នឹងមានដាក់តាំងបន្ថែម អំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ដែលភាគច្រើន នាំមកពីខេត្តសៀមរាបផងដែរ។
សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ អាចនឹងប្រើប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរមិនក្រោម១,០០០នាក់នោះទេ។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕