ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជំនួបពិភាក្សាការងារជាមួយលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងសហការី នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះ រដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកឯកអគ្គរាជទូត បានពិភាក្សាលើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល បញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ ជាពិសេសដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូទៅកាន់ប្រទេសម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ញាសិប្បនិម្មិត ម៉ាឡេស៊ី ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចំពោះការចូលរួមចំណែកដ៏ស្វិតស្វាញ ក្នុងការស្វែងរកដំណោះស្រាយ តាមរយៈការចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមដោយសាធារណរដ្ឋប្រជាមានិតចិន៕