លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកជំទាវ យស ថានារី សមាជិករដ្ឋសភា រួមទាំងក្រុមការងារនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខវីរកងទ័ពចំនួន៣នាក់ ដែលរងរបួសនៅសមរភូមិជួរមុខ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
លោកជំទាវបានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ និងដឹងគុណដល់វីរភាពកងទ័ព ដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខសន្តិភាពជូនជាតិ និប្រជាជន ព្រមទាំងសម្តែងនូវអំណរគុណក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយដោយឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់ អាណិតអាសូរ។
លោកស្រី បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា។
លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់ថា «ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ដែលទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព អរគុណសន្តិភាព»។
គួរបញ្ជាក់ថា វីរយុទ្ធជនដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំមានដូចខាងក្រោម៖
*ទី១៖ ឈ្មោះ អ៊ុន នី អាយុ៤២ឆ្នាំ រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គាត់បម្រើការងារនៅអង្គភាពវរសេនាតូតនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី មន្រ្តីប៉ុស្តិ៍គរបាល ការពារព្រំដែនគោកអានសេះ ឋានៈអនុសេនីយ៍ទោ។
*ទី២៖ ឈ្មោះ សុំវង្ស វិចិត្រ អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃស្បូវ សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គាត់បម្រើការងារនៅអង្គភាពវរសេនាតូតនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី នាយរងប៉ុស្តិ៍ប៉ុស្តិ៍គរបាល ការពារព្រំដែនគោកអានសេះ ឋានៈអនុសេនីយ៍ឯក។
*ទី៣៖ ឈ្មោះ ស៊យតុហៃ អាយុ២៧ឆ្នាំ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គាត់បម្រើការងារនៅអង្គភាពបញ្ជាការដ្ឋានការពារអាកាស ឋានៈពលទោ៕