គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនប្រជាជនភៀសសឹកមកពីតំបន់នានាតាមបណ្តោយព្រំដែនចំនួន ៣៧៤ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តសុវណ្ណគិរី (ហៅវត្តឆែប) ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក អនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជន នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តព្រះវិហារនេះ។
អនុប្រធានទី១ ព្រឹទ្ធសភា បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង ក៏ដូចជាយើងខ្ញុំទាំងអស់គ្នាពិតជាយល់ច្បាស់អំពីទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់ដែលកើតចេញពីការបង្កសង្គ្រាម ឈ្លានពានយ៉ាងគឃ្លើន និងសហាវព្រៃផ្សៃបំផុតរបស់កងទ័ពថៃមកលើមាតុភូមិកម្ពុជាយើង។ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសដែលស្តែងចេញតាមរយៈការសម្តែងនូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់បងប្អូនដែលមានឈាមជ័រពូជពង្សតែមួយ គឺខ្មែរ។
ជាមួយគ្នានេះ តាងនាមឱ្យគណៈប្រតិភូព្រឹទ្ធសភានៃកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវមោទនភាពជាតិខ្ពស់ ចំពោះស្មារតីស្នេហាជាតិ របស់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានសម្តែងឱ្យឃើញនូវកម្លាំងមហាសាមគ្គីឯកភាពជាតិ គាំទ្រចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជនយើងក្នុងការវាយបំបាក់អំពើឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពដែនដីកម្ពុជា។ ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនយើងទាំងអស់គ្នាទាំងសមរភូមិមុខ និង សមរភូមិក្រោយ បន្តរួមគ្នាធ្វើពលីកម្ម រែកពុន ប្រឹងប្រែង តស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីប្រែក្លាយទុក្ខលំបាកអស់ទាំងនេះ ជាកម្លាំងសាមគ្គី ឯកភាពជាតិដ៏រឹងមាំ ពួតដៃជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខការពារប្រទេសជាតិមាតុភូមិ ។
មុននឹងបញ្ចប់ តាមរយៈបង ប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ អនុប្រធានទី១ បានផ្ដាំផ្ញើ ការសាកសួរសុខទុក្ខជូនចំពោះវីរយុទ្ធជនដែលត្រូវជាសាច់ញាតិក្រុមគ្រួសារដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងបានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារ វីរយុទ្ធជន សូមឱ្យមានសុខភាពល្អ សុខសុវត្ថិភាព និងទទួលបានជោគជ័យ ក្នុងការវាយបំបាក់សត្រូវឈ្លានពាននៅគ្រប់សមរភូមិ៕