អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ


លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៉ី។

ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមើលឃើញថា ភាគីថៃ បានប្រើប្រាស់ និងបបង្កើតព័ត៌មានមិនពិត ក្លែងក្លាយជាច្រើន ចែកចាយលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមនានារបស់ថៃ ដើម្បីបំភាន់ការពិតជុំវិញបញ្ហាព្រំដែន និងដំណើរការនៃបទឈប់បាញ់រវាងយោធាទាំងពីរ។

ការសង្កត់ធ្ងន់របបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងក្នុងឱកាសបន្តសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា៖ «កម្ពុជា គឺមិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ពីព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតាន់តឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែ វាបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសុខសន្តិភាពបន្ថែមទៀត»

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ ​នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា នៅតែបញ្ជាក់ពីជំហរដោយស្មោះត្រង់របស់ខ្លួន ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

គួរឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី បានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការបន្តបទឈប់បាញ់ ការមិនចល័តកម្លាំងទ័ព និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់។ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយភាពតានតឹង ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការចាត់តាំងគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់។ ភាគីកម្ពុជាបានស្នើសុំឱ្យដោះលែងយោធិនកម្ពុជាដែលស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពថៃផងដែរ៕