កាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ថា យោធិនកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃ កំពុងមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា


អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា តាមកាកបាទក្រហមអន្តរជាតិ ដែលបានចុះសួរសុខទុក្ខយោធិនទាំង១៨នាក់ បានបញ្ជាក់ថា យោធិនកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃនោះ គឺកំពុងមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បែបនេះ នៅក្នុងស​ន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។

កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ លោក Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖ «ចំពោះការចុះសួរសុខទុក្ខរបស់គណៈកម្មការ កាកបាទក្រហមអន្តរជាតិ ICRC បានទទួលព័ត៌មាន យោធិននៃកងយោធពលខេមរៈភូមិន្ទ ដែលដែលស្ថិតនៅក្រោមការឃុំឃុំខ្លួនរបស់ភាគីថៃនេះគឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា»

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជាស្នើឲ្យភាគីថៃ ចាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨ រូប ឱ្យត្រឡប់មកវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កងយោធពលខេមរភូមិន្ទសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងមិនទុកសមាជិកណាម្នាក់ចោលនោះទេ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ កម្ពុជាសង្ឃឹមថាភាគីថៃ នឹងដោះលែងយោធិនកម្ពុជាទាំង១៨ រូប ឱ្យបានឆាប់ ស្របទៅតាមការអំពាវនាវរបស់ប្រទេសជាដៃគូ និងអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិបាន បានអះអាងថា កម្ពុជាប្ដេជ្ញាយ៉ាច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តប្រកបដោយឆន្ទៈ និងស្មោះត្រង់ ក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិ ដែលមានការទទួលខុសត្រូវ និងគោរពច្បាប់ ដើ​ម្បីធានាអនវុត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន៕