ពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៥៩១គ្រួសារ ស្មើនឹង២,៤៣៩នាក់


គិតត្រឹមព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានចាកចេញទៅលំនៅដ្ឋានវិញ មានចំនួន៥៩១គ្រួសារ ស្មើនឹង២,៤៣៩នាក់។ នេះបើតាមការឲ្យដឹង ពី ឯកឧត្តម គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត។

អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ឯកឧត្តម គឹម ចាន់បញ្ញា បានបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពផ្សេងៗ ក្នុងខេត្តព្រះវិហារ មានចំនួន១៥ទីតាំង មានប្រជាពលរដ្ឋសរុបចំនួន១,១៨១៧គ្រួសារ ស្មើនឹង៣៩,៣១១នាក់ ក្នុងនោះស្ត្រីមានចំនួន២០,៩០៥នាក់។

សូមបញ្ជាក់ថា ក្រោយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី ប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពផ្សេងៗក្នុងខេត្តព្រះវិហារ បានចាប់ផ្តើមចាកចេញទៅលំនៅដ្ឋានវិញជាហូរហែរ៕