សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ប៊ូ ផូ ជាយោធិន ក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលពលីក្នុងសមរភូមិដើម្បីបុព្វហេតុជាតិមាតុភូមិនាពេលថ្មីៗនេះ ដែលពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅគេហដ្ឋានក្នុងភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅព្រោះការបាត់បង់ លោកវរសេនីយ៍ត្រី ប៊ូ ផូ គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ហើយក៏ ជាការបាត់បង់នាយទាហានស្នេហាជាតិដ៏បរិសុទ្ធមួយរូប ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និង បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅ រួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ប៊ូ ផូ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈសម្រាប់ចូលបុណ្យសព រួមមាន អង្ករ ១០០ គីឡូក្រាម មី ១០កេស ត្រីខ ៥យួរ និងទឹកក្រូច ១០កេស ព្រមទាំងថវិកាចំនួន ២០លានរៀល។
សូមបញ្ជាក់ថា ក្រៅពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់គណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលពលីក្នុងសមរភូមិ នៅទីតាំងប្រារព្ធពិធីបុណ្យផ្សេងៗទៀតផងដែរ៕