កម្ពុជាចាប់ផ្ដើមនាំចេញផ្លែទុរេន ជាលើកដំបូង ទៅកាន់ប្រទេសចិន តាមរយៈជើងយន្ដហោះ


កម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែឈើទុរេន ជាលើកដំបូង ទៅកាន់ខេត្ដហឺណាន ប្រទេសចិន តាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងដំណាក់កាល សាកល្បងជាលើកដំបូងនេះ មានផ្លែទុរេនចំនួន២តោន បាននាំចេញទៅកាន់ប្រទេសចិន ហើយចំនួននេះ មិនមែនជាចំនួនជាក់លាក់នោះទេ គឺវានឹងកើនឡើងជាបន្ដបន្ទាប់ តាមការបញ្ជាទិញពីភាគីចិន។

ឯកឧត្តម បួន សារៈមុនី បានថ្លែងថា «ខ្ញុំគិតថា ការនាំចេញតាមផ្លូវអាកាស ជាលើកទីដំបូងនេះ ជាមធ្យោបាយមួយមានប្រសិទ្ធភាព ហើយចម្ងាយដឹកជញ្ជូនពីកម្ពុជាទៅចិន ប្រើរយៈពេលតែ៤ម៉ោងប៉ុណ្ណោះ ដែលផ្ដល់ជូនដល់អ្នកបរិភោគ នូវភាពស្រស់នៃផ្លែទុរេន»

ទន្ទឹមគ្នានេះ ឯកឧត្តម បួន សារៈមុនី ក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានជួយសម្រួល ក្នុងការដឹកជញ្ជូននេះ ហើយលោករំពឹងថា នឹងមានការនាំចេញច្រើន ជាបន្ដបន្ទាប់ទៀត ព្រោះឃើញថា ភាគីចិន បានធ្វើបញ្ជាទិញពីកម្ពុជាច្រើន ដែលអាចធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស មានការកើនឡើង។

សូមជម្រាបថា នាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ ពីសំណាក់អគ្គរដ្ឋបាលគយចិន។

ក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ ពីរគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារ ដែលបានចុះហត្ថលេខា កាលពីខែមេសា។

គិតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។

សូមជម្រាបថា ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១១ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំ ដាក់ចេញគោលនយោបាយ ជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសជំរុញការនាំចេញ ទៅក្រៅប្រទេស៕