ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ដដែល បានបន្តដំណើរ ដោយចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បានសំដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនវីរកងទ័ពកម្ពុជា ដែលបានតស៊ូប្រយុទ្ធការពារ ពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះវីរកងទ័ព សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារជាតិ។
បន្ថែមពីនោះ ឯកឧត្តម ជា សុមេធី ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួង ស.អ.យ. ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តប្រពៃថ្លៃថ្លារបស់ប្រជាជនខ្មែរ៕