អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការខេត្តតាកែវ រៀបចំពិធីបួងសួងសុំសេចក្ដីសុខចម្រើនជូនថ្នាក់ដឹកនាំ វីរកងទ័ព មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលពិធីនេះធ្វើឡើងនៅវត្តភ្នំខ្លែង ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
នៅក្នុងពិធីនោះឯកឧត្តមអភិបាលខេត្តតាកែវ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល សូមតាមជួយអភិបាល ប្រោះព្រំ បីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំប្រទេស មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ។
ឯកឧត្តម វ៉ី សំណាង បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសបារមីវត្តភ្នំខ្លែង សូមជួយបីបាច់ថែរក្សាដល់វីរកងទ័ពដែលកំពុងតែឈរជើងជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដីខ្មែរ និងសូមឲ្យបារមីវត្តភ្នំខ្លែងជួយបញ្ជៀសចេញបណ្ដេញចោលឲ្យអស់បច្ចាមិត្តដែលប៉ុនប៉ងឈ្លានពានបូរណភាពទឹកដីឲ្យជៀសឆ្ងាយចេញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕