អ្នកនាំពាក្យក្រសួងការបរទេស៖ កិច្ចព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំពិសេស GBC នៅម៉ាឡេស៊ី បានទទួលការសាទរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដែលជាជំហាននៃការបន្ធូរបន្ថយស្ថានភាព


ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចព្រមព្រៀងប្រជុំគណៈកម្មាធិការព្រំដែន សហប្រតិបត្តិការទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃ ដែលបានចុះកិច្ចព្រមព្រៀងគ្នាចំនួន ១៣ចំណុច នៅម៉ាឡេស៊ី កំពុងទទួលបានការសរសើរ និងអបអរសាទរពីសហគមន៍តំបន់ ហើយនិងសហគមន៍អន្តរជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងថាដូចនេះថា «កិច្ចប្រជុំរបស់គណៈកម្មការធិការព្រំដែនទូទៅកន្លងមកថ្មីៗនេះ នៅទីក្រុងគូឡាឡាំពួ ដែលសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន ១៣ចំណុច រវាងកម្ពុជា និងថៃ ទទួលបានការសរសើរ អបអរសាទរពីសហគមន៍ តំបន់ ហើយនិងសហគមន៍អន្តរជាតិ»

ឯកឧត្តម ជុំ សុន្ទរី បានបន្ថែមថា បណ្ដាប្រទេសដែលជាដៃគូរបស់អាស៊ាន នឹងតួអង្គផ្សេងៗទៀត បានស្វាគមន៍នូវកិច្ចព្រមព្រៀងនេះថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ហើយនឹងស្ថិរភាពនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ដែរថា​ ប្រទេសម៉ាឡេស៊ី ក៏កំពុងតែសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការត្រួតពិនិត្យបទឈប់បាញ់ ហើយប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ក៏បានសម្តែងការគាំទ្រចំពោះកិច្ចព្រមព្រៀងនេះ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ។

ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ដែរថា ជាមួយគ្នានោះសហរដ្ឋអាមេរិក ក៏បានស្វាគមន៍កិច្ចប្រជុំរបស់គណៈកម្មការកិច្ចការចម្រុះព្រំដែនថាជាជំហានស្ថាបនាដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងបទឈប់បាញ់ ហើយនឹងស្ថិរភាពក្នុងតំបន់។ ក្នុងនោះក៏មានប្រទេសជាច្រើនទៀត បានគូសបញ្ជាក់ជាមួយការរំពឹងទុកថា កម្ពុជា និងថៃ និងគោរពដោយពេញលេញនូវការតាំងចិត្តរបស់ខ្លួន នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នេះផងដែរ៕