ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យការដ្ឋានគម្រោងសាងសង់សំណង់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង ព្រមទាំងក្រុមទីប្រឹក្សាបច្ចេកទេស អញ្ជើញចុះពិនិត្យការងារការដ្ឋានគម្រោងសាងសង់សំណង់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូង ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូងនេះអាចទាញយកទឹកមកស្រោចស្រពលើផ្ទៃដីប្រមាណ ១៦ ០០០ហិកតា ដោយគ្របដណ្តប់ឃុំចំនួន៣ នៃស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការចុះពិនិត្យការងារជាប្រចាំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីធានាបាននូវគុណភាព សោភ័ណភាព និងសុវត្ថិភាព ជាពិសេសណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ធានាបាននូវគុណភាព និងសម្រេចឱ្យទាន់ពេលវេលាបានកំណត់៕