ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានមូលមតិគ្នា ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តខ្មែរសាមគ្គី វត្តបារមីគិរីខេមរាភ្នំបិតាធំ និងវត្តខ្មែរអង្គររតនរង្សី ព្រមទាំងសហគមន៍ខ្មែរ នៃខេត្តកាណាហ្កាវ៉ា ក្រោមការផ្តួចផ្តើមរបស់ លោក កែវ វិសាល បានរៀបចំនូវពិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វិរៈកងទ័ពជួរមុខ ដ៏អង់អាចក្លាហានដែលបានពលីជីវិត ក្នុងការប្រយុទ្ធតស៊ូដើម្បីទប់ទល់នឹងសត្រូវឈ្លានពានលើបូរណភាពទឹកដីកម្ពុជា នៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។
កម្មវិធីនេះ មានការចូលរួមពីបងប្អូនសហគមន៍ខ្មែរប្រមាណ ២០០នាក់។ ក្នុងពិធីបុណ្យបានធ្វើឡើង ស្របតាមប្រពៃណីព្រះពុទ្ធសាសនានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ពលករ សិក្ខាកាម និស្សិត និងពុទ្ធបរិស័ទខ្មែរទាំងអស់ បានរាប់បាត្រ នាំយកទេយ្យទាននិងបច្ច័យវេរប្រគេនព្រះសង្ឃចំនួន ៤អង្គ ព្រមទាំងបានបង្សុកូលឧទ្ទិសកុសលចំពោះវិរៈកងទ័ពដ៏អង់អាចក្លាហានទាំងអស់ដែលបានពលីជីវិតនៅសមរភូមិជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីដ៏ថ្លៃថ្លារបស់កម្ពុជា។ បងប្អូនពុទ្ធបរិស័ទ្ធទាំងអស់ ក៏បានចូលរួមដើរដង្ហែក្បួនគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព និងច្រៀងចម្រៀងរួមគ្នា ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វិរៈកងទ័ពជួរមុខកម្ពុជា បន្ទាប់ពីការពិសារអាហារសាមគ្គី។
ឆ្លៀតក្នុងឱកាសនៃការថ្លែងសំណេះសំណាលពីចម្ងាយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ៗ ដូចជា៖
១៖បានថ្លែងអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បងប្អូនខ្មែរពីគ្រប់មជ្ឈដ្ឋាននៅប្រទេសជប៉ុនដែលបានចូលរួមពីធីនេះ ដែលបានបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរនាពេលនេះ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនខ្មែរបន្តស្មារតីស្នេហាជាតិដូចនេះជារៀងរហូត,
២៖ បានសម្តែងនូវការដឹងគុណមិនអាចកាត់ថ្លៃបានចំពោះវិរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិត និងរងរបួសទាំងអស់នៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ដែលបងប្អូនខ្មែរទាំងអស់នឹងចងចាំជានិច្ចនៅក្នុងក្រអៅបេះដូង,
៣៖ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ,
៤៖ បានស្នើបងប្អូនខ្មែរទាំងអស់ជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន ព្រមទាំងបានសំណូមពរដល់បងប្អូនខ្មែរកុំចែកចាយនូវព័ត៌មានមិនពិតណាមួយ ដែលនាំឱ្យមានការបែកបាក់សាមគ្គីភាពរបស់កម្ពុជា និងអំពាវនាវសូមស្នើបងប្អូនតាមដាន និងចែកចាយនូវព័ត៌មានមកពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ
៥៖ បានគាំទ្រជំហររាជរដ្ឋាភិបាលកម្ពុជាឱ្យថៃគោរពបទឈប់បាញ់ និងដោះលែងយោធាកម្ពុជាចំនួន ១៨រូបផ្សេងទៀតឱ្យបានឆាប់មកកម្ពុជាវិញ៕