តបសម្តីលោក សម រង្ស៊ី សរសើរទ័ពឈ្លានពានថៃ បង្អាប់ទ័ពខ្មែរ, សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ?


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទជាសំណួរថា តើលោក សម រង្ស៊ី ជាមនុស្ស ឬជាសត្វ? តើលោក សម រង្ស៊ី ស្នេហាជាតិ ឬក្បត់ជាតិ?

សំណួររបស់សម្តេចតេជោ ហ៊ុន សែន បានភ្ជាប់ជាមួយឃ្លីបវីដេអូរបស់លោក សម រង្ស៊ី ដែលបានវាយប្រហារលើការប្រយុទ្ធរបស់កងទ័ពខ្មែរ ហើយសរសើរកងទ័ពឈ្លាន​ពាន​ថៃ ក្នុងពេលប្រយុទ្ធលើសមរភូមិ៥ថ្ងៃ (២៤-២៨ ខែកក្កដា) កន្លងទៅ។

ក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីក្រុង Chambéry ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ លោក សម រង្ស៊ី បានបរិហាររិះគន់កងទ័ពខ្មែរ​ថា បាញ់កាំភ្លើងមិនចំគោលដៃ បាញ់ទៅចំកន្លែងជនស៊ីវិលរបស់ថៃ ហើយបាន​សរសើរ​កងទ័ពឈ្លានពានថៃថា បាញ់ចំគោលដៅល្អ។

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហានេះ សម្តេចតេជោ បានបង្ហោះវីដេអូឃ្លីបរបស់លោក សម រង្ស៊ី ដោយបានសរសេរថា «តបនឹងការលើកឡើងនេះ បងប្អូនជនរួមជាតិ​ជាទី​ស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើងបាននិង​កំពុងរងទុក្ខវេទនាដោយ​ការឈ្លានពានរបស់ថៃ ដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបុរាណ រាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឱ្យប្រជាជនរាប់មុឺនគ្រួសារ ត្រូវរត់ចោលផ្ទះ​សម្បែងក្លាយជាជន​ភៀស​សឹក​ ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ»

សម្តេចតេជោ បន្តថា «តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ? សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែលមានមនុស្សតាម១៥លាននាក់ ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់​ដូចមានភ្ជាប់ជាមួយ»

មិនត្រឹមតែសម្តេចតេជោ ហ៊ុន សែន នោះទេ ដែលបានប្រតិកម្មលើសម្តីរបស់លោក សម រង្ស៊ី បានលើកឡើងវាយប្រហារលើកងទ័ពខ្មែរ មានប្រជាពលរដ្ឋខ្មែរ​លើបណ្តាញ​សង្គមជាច្រើន បានផ្ទុះប្រតិកម្មខឹងសម្បាលើសម្តីរបស់លោក សម រង្ស៊ី។

ពួកគេចាត់ទុកសម្តីរបស់លោក សម រង្ស៊ី ជាសម្តីគ្មានបេះដូងជាខ្មែរ ប្រមាថមើល​ងាយ​ខ្មែរ បំផ្លាញខ្មែរ ចូលដៃជាមួយខ្មាំងសត្រូវ។ ពួកគេ បានរំលេចថា លោក សម រង្ស៊ី មិនសមនឹងមានសញ្ជាតិជាខ្មែរនោះឡើយ៕