អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញនូវខែលការពារដ៏រឹងមាំរបស់កម្ពុជា ចំនួន៤ចំណុច ដើម្បីប្រឆាំងទប់ទល់ជាមួយមហិច្ឆតាស្រែកឃ្លានឈ្លានពានដែនអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត ពីសំណាក់មេបញ្ជាការយោធភូមិភាគ២របស់ប្រទេសថៃ។
ខែលការពារទាំង៤ ដែលបង្ហាញដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មានសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ រួមមាន៖
*ទី១៖ កម្ពុជា មានការដឹកនាំ និងបញ្ជារបស់ថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានសិទ្ធិពេញលេញក្នុងការទំនាក់ទំនងជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងកិច្ចការយោធា។ សម្ដេចទាំងពីរ គឺជាថ្នាក់ដឹកនាំដ៏កក់ក្ដៅបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។
*ទី២៖ កម្ពុជា មានវីរកងទ័ព និងវីរកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហាន ដែលតស៊ូយ៉ាងស្វិតស្វាញក្រាញននៀល មិនរាថយ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងការពារអធិបតេយ្យជាតិ បូរណភាពទឹកដ៏ឲ្យខាងតែបាន។ វីរភាពដ៏អង់អាចក្លាហាននេះ បានទទួលការគោរព កោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅជាច្រើនផ្សេងទៀត។
*ទី៣៖ កម្ពុជា មានកម្លាំងមហាសាមគ្គី និងឯកភាពជាតិដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា មិនថាអ្នកនៅក្នុងស្រុក ឬក្រៅស្រុក មិនថាក្មេង ចាស់ ប្រុស ស្រី គឺបានវិញគ្នាជាធ្លង់មួយលើកស្ទូយមោទនភាពជាតិខ្មែរ ស្រែកទាមទារសន្ដិភាព និងចូលរួមការពារបូរណភាពទឹកដីយ៉ាងសស្រាក់សស្រាំ នៅពីក្រោយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធជួរមុខរបស់យើង។
*ទី៤៖ មានការចូលរួមពីសហគមន៍អន្ដរជាតិ ដូចជា ក្រុមអ្នកសង្កេតការណ៍អន្ដរកាល បេសកកម្មការទូត អនុព័ន្ធយោធាបរទេស ជាពិសេសសហរដ្ឋអាមេរិក ចិន ម៉ាឡេស៉ី ដែលបានដើរតួនាទីគន្លឹះក្នុងការសម្រេចបានបទឈប់បាញ់ ដែលចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាសាក្សីយ៉ាងសំខាន់ក្នុងការអនុវត្តបទឈប់បាញ់ និងអាចវាយតម្លៃយ៉ាងច្បាស់ថាតើភាគីណាអ្នកបំពានកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពបទឈប់បាញ់នោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាព្រំដែនត្រូវតែធ្វើឡើងតាមយន្ដការបច្ចេកទេស និងយន្ដការច្បាប់អន្ដរជាតិ មិនមែនដោះស្រាយដោយប្រើកម្លាំងយោធានោះទេ។
ទន្ទឹមគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ផែនការរបស់លោក ប៊ុនសីន បាតផ្លាង មេបញ្ជាការយោធភូមិភាគ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុចា គឺជាការបង្កហេតុ និងបញ្ជាក់កាន់តែច្បាស់អំពីការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអះអាងថា ផែនការមុនចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាសកម្មភាពរំលោភលើបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី៕