ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានប្រគល់ម៉ូតូចំនួន១០គ្រឿង ជូនវីរកងនៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម គីម រិទ្ធី បានថ្លែងថា ម៉តូទាំង១០គ្រឿងនេះ ជាប្រភេទម៉ូតូម៉ាកហុងដាវ៉េវ គឺជាអំណោយដែលមានការចូលរួមពីរូបឯកឧត្តម និងលោកជំទាវ សុខា គងពិសី ភរិយារបស់ឯកឧត្តម ព្រមទាំងសប្បុរសជន សម្រាប់ប្រគល់ ជូនជាការលើកទឹកចិត្តដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ ការល្បាតតាមខ្សែបន្ទាត់ព្រំដែន និងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី បានថ្លែងលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះវីរកងទ័ព តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ សូមប្រសិទ្ធិពរជ័យដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងទាំងអស់ ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនៅគ្រប់គោលដៅ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ យ៉ាងអង់អាចក្លាហាន សូមឱ្យជួបតែសេចក្តីសុខ និងមានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី ខឹម ឆៃ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ បានថ្លែងនូវការគោរពអរគុណចំពោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី គីម រិទ្ធី ព្រមទាំងសប្បុរសជន ដែលបានឧបត្ថម្ភម៉ូតូចំនួន១០គ្រឿងជូនទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត។លោកប្តេជ្ញានឹងប្រើប្រាស់ម៉ូតូនេះឱ្យចំគោលដៅ និងរក្សាឱ្យបានល្អ ដើម្បីឱ្យការប្រើប្រាស់បាន យូរអង្វែង៕