ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន ចុះសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួន អំណោយសប្បុរជនជូនយោធិនរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ


នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ ដែលជាឧត្តមភរិយា និងក្រុមគ្រួសារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួន ព្រមទាំងអំណោយសប្បុរជន ជូនដល់យោធិនរងរបួសក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣ មានមន្ទីរពេទ្យព្រះកេតុមាលា, មន្ទីរពេទ្យព្រះកុសមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងគ្រាអញ្ជើញចុះសួរសុខទុក្ខខាងលើនេះ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានសម្តែងក្តីមោទនភាពប្រកបដោយអារម្មណ៍ និងទឹកចិត្តពោរពេញទៅដោយមនោសញ្ចេតនារាប់អាន និងសម្តែងការស្ងប់ស្ងែងយ៉ាងក្រែងលែងជាទីបំផុតចំពោះវីរភាពដ៏មោះមុតអង់អាចក្លាហានរបស់វីរកងទ័ពនៃយើង។ របួសដែលបងប្អូនយោធិនកំពុងទទួលរងនូវពេលនេះ ជាសក្ខីភាពបញ្ជាក់បានយ៉ាងច្បាស់អំពីស្មារតីភាពស្មោះស្ម័គ្រ ក្នុងការការពារដែនអធិបតេយ្យភាពទឹកដីរបស់ប្រទេសកម្ពុជា មិនឲ្យជាតិសាសន៍ដទៃណាមួយមកឈ្លានពាន ឬរំលោភបំពានបាននោះឡើយ។

លោកជំទាវ លីម ដារ៉ែន ជួនណារិន្ទ បានលើកទឹកចិត្តទៅកាន់បងប្អូនយោធិនកំពុងរងរបួស សូមកុំគិតច្រើន និងកុំមានការព្រួយបារម្ភច្រើន ព្រោះអ្វីៗដែលបងប្អូនបានធ្វើនេះ ស័ក្តិសមបំផុតហើយដែលសូម្បីតែលោកស្រី ស្វាមី និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងនគរខ្មែរទាំងមូល នឹងចងចាំទុកក្នុងចិត្តជានិច្ច ពីវីរភាពដ៏ហានក្លារបស់បងប្អូន សម្រាប់ប្រទេសជាតិ នៅក្នុងកាលៈទេសៈដ៏សំខាន់មួយនេះ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា ក្នុងនាមជាអ្នកនៅជួរក្រោយ គឺតែងតែនៅជិត និងគៀកក្បែរជានិច្ចជាមួយបងប្អូនអ្នកសមរភូមិមុខ ដោយមិនទៅណាចោលនោះឡើយ។ ពិសេសប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេតែងតែនៅគិតគូរជានិច្ចជាមួយកងទ័ពសមរភូមិមុខ ក៏ដូចជាយោធិនរងរបួស ឬយោធិនពលីកម្ម ក្នុងបុព្វហេតុប្រទេសជាតិ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី សូមឲ្យបងប្អូនយោធិនរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យទាំង៣ខាងលើនេះ សូមព្យាយាមសម្រាកឲ្យបានច្រើន ញ៉ាំឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងសូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស និងឆាប់បានវិលត្រឡប់ទៅសម្រាកនៅភូមិឋានវិញរៀងៗខ្លួន នៅពេលខាងមុខ។

យោធិនទាំងអស់ដែលទទួលបាន ការចុះសួរសុខទុក្ខពីសំណាក់លោកជំទាវ លីម ដារ៉ែន ជួនណារិន្ទ ក៏បានសម្តែងអារម្មណ៍រំភើបរីករាយ និងសូមថ្លែងអំណរគុណចំពោះលោលោកជំទាវ និងក្រុមគ្រួសារ បានចំណាយពេលវេលាអញ្ចើញចុះមកសួរសុខទុក្ខ ដោយពួកគាត់ចាត់ទុកថា សកម្មភាពនេះ គឺជាការបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមខ្មែរ មិនថាទោះក្នុងតម្លៃ ឬកាលៈទេសៈណាមួយនោះទេ ពោលគឺខ្មែរតែងចេះនៅជួយយកអាសារគ្នាជានិច្ច៕