តំណាងអង្គការអន្តរជាតិ NGOs ចំនួន៤៣ ដែលមានប្រតិភូជាង៧០នាក់ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ស្ថិតនៅក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងមណ្ឌលសុត្ថិភាព វត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងបាននាំអំណោយប្រគល់ជូនមណ្ឌលសុវត្ថិភាពទាំង២នេះផងដែរ។
ឯកឧត្តម ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានថ្លែងបង្ហាញអំពីព្រឹត្តិការណ៍ទាំងមូល និងគ្រប់ដំណាក់កាលពីសង្គ្រាមឈានពានរបស់កងទ័ពថៃ ពិសេសរយៈពេលផ្លោងគ្រាប់ ៥យប់ ៥ថ្ងៃជាប់គ្នា ប្រើទាំងយន្តហោះចំបាំង ដ្រូនបំពាក់គ្រាប់ កាំជ្រួចផ្លោង កាំភ្លើងធំ កងទ័ពថ្មើរជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងវាយប្រហារហួសតំបន់ប្រយុទ្ធ រហូតដល់ទីតាំងភូមិឋានជនស៊ីវិលស្លូតត្រង់ ឈានដល់ការកើតមានជាការជន្លៀសប្រជាជន និងមានជនភៀសសឹកមកដល់ជំរំទាំង៧ ប្រមាណជិត ៤ម៉ឺននាក់។
ឯកឧត្តមបន្តថា នេះមិនគិតដល់ការបំផ្លិចបំផ្លាញផ្ទះសម្បែងជាង ២០០ខ្នង វត្តអារាម មណ្ឌលសុខភាព កន្លែងផ្តល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរាប់រយកន្លែង ដោយមិនទាន់រាប់ដល់ទីតាំងអាជីវកម្ម និងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋជាច្រើន។
បើទោះបីជាអាជ្ញាធរដែនដីខិតខំដុតដៃដុតជើងទាំងយប់ទាំងថ្ងៃ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្ត ពិសេសផ្តល់ការធានាទាំង៤ ដល់ជនភៀសសឹកក្នុងជំរំសុវត្ថិភាព គឺជម្រក ស្បៀងអាហារ សុខភាព និង សន្តិសុខសណ្តាប់ធ្នាប់ ក៏ពួកគាត់ពិតជាចង់បានសន្តិភាពពេញលេញ ការឈប់បាញ់ដ៏ពិតប្រាកដ គ្មានការគម្រាមកំហែង និងចង់ឆាប់បានត្រឡប់ទៅលំនៅដ្ឋាន ប្រកបរបររស់នៅជាធម្មតាឡើងវិញ។ បើតាមលោកអភិបាលរងខេត្ត គិតមកដល់ពេលនេះប្រជាពលរដ្ឋភៀសសឹកស្នាក់នៅទីនេះ មានចំនួន៤៧៥គ្រួសារ ប្រមាណ២០០០នាក់។
ដោយឡែក លោក ហ៊ន់ ឫទ្ធី អភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប បានថ្លែងថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបន្ត នៅទីតាំងមណ្ឌលសុវត្ថិភាព២កន្លែងរបស់ស្រុកមានចំនួនសរុប២៤២គ្រួសារ ស្មើនឹង៨៧៣នាក់ កំពុងស្នាក់នៅវត្តជ្រោយនាងងួនផ្ទាល់មានចំនួន១២៨គ្រួសារ ស្មើនឹង៤៥០នាក់ ក្នុងនោះស្រី២៣៨នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អាជ្ញាធរមូលដ្ឋាននៅតាមជុំភៀសសឹកទាំង២កន្លែងរួចមក ប្រតិភូបានបន្តចុះពិនិត្យកន្លែងប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងបានប្រគល់អំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន ដល់មណ្ឌលសុវត្ថិភាពភ្នំកំបោរ ខេត្តឧត្តរមានជ័យ និងមណ្ឌលសុត្ថិភាព វត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ផងដែរ៕