រដ្ឋមន្ត្រីក្រសួងក្រសួងព័ត៌មាន៖ កម្ពុជា បានប្រើប្រាស់ព័ត៌មានពិត បន្សាបព័ត៌មានក្លែងក្លាយ បង្ហាញការពិតទៅដល់ឆាកអន្តរជាតិ ជុំវិញជម្លោះព្រំដែនជាមួយថៃ


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា នៅអំឡុងជម្លោះព្រំដែនកម្ពុជា និងថៃ អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនបានប្រឈមនឹងការរិះគន់គួរឱ្យកត់សម្គាល់ ជាមួយគ្នានឹងការប្រឌិតព័ត៌មានក្លែងក្លាយពីភាគីថៃ ផ្ទុយទៅវិញរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់នូវព័ត៌មានពិត បន្សាបនូវព័ត៌មានក្លែងក្លាយ ដើម្បីបង្ហាញការពិតទៅដល់ឆាកអន្តរជាតិ​ ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយថៃ។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ថៃ បានប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានក្លែងក្លាយ ហើយយុទ្ធសាស្ត្រព័ត៌មានរបស់គេ គឺយុទ្ធសាស្ត្រមួលបង្កាច់ បង្កហេតុ ដើម្បីបង្កើតជាលេស ដើម្បីវាយប្រហារយើងភ្លាមៗ អ៊ឹចឹងហើយបានធ្វើឱ្យប្រជាជនថៃ ទទួលព័ត៌មានមិនត្រឹមត្រូវជុំវិញបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នៅពេលដែលភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាពីបទឈប់បាញ់រវាងកងទ័ពទាំងពីរ អ្នកសារព័ត៌មានរបស់ថៃ បានផ្សព្វផ្សាយភូតកហុសប្រជាពលរដ្ឋខ្លួនថា សង្គ្រាមរយៈពេល៥ថ្ងៃជាមួយកម្ពុជា កងទ័ពថៃ បានគ្រប់គ្រងទីតាំងសមរភូមិសង្គ្រាមទាំង១១ទីតាំង។ ប៉ុន្តែ រឿងពិតជាក់ស្តែងគឺថ្នាក់ដឹកនាំកងទ័ពថៃ និងអ្នកសារព័ត៌មានថៃ បានរួមគ្នាបោកប្រាស់ពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ថ្មីៗនេះមេភូមិភាគ២ របស់ថៃ ក៏បានបំភ្លៃតាមរយៈបណ្តាញព័ត៌មានរបស់ខ្លួនថា ក្នុងចម្បាំងរយៈពេល៥ថ្ងៃ កងទ័ពថៃ ​បានបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជា ជាង ៣ពាន់នាក់ បានស្លាប់នៅក្នុងសមរភូមិទៅវិញ។

«ចំណែកកម្ពុជា គឺមិនមានការបំភ្លៃព័ត៌មានណាមួយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនមួយថៃនោះទេ ប៉ុន្តែ កម្ពុជាយើង បានផ្សព្វផ្សាយព័ត៌មានអំពីការពិត ដូច្នេះ ហើយនៅពេលដែលកម្ពុជា ផ្សាយព័ត៌មានពិត និងការផ្សាយព័ត៌មានមិនពិតរបស់ថៃ បានជួបគ្នា ចុងក្រោយ គឺថៃនឹងត្រូវបានអាមាស់មុខនៅលើពិភពលោក»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រទេសថៃ បានចម្លងពីកម្ពុជាទាំងវប្បធម៌ ក្បូរក្បាច់រចនា ប្រាង្គប្រាសាទ ប្រពៃណី ហើយថ្មីៗនេះភាគីថៃ បានចម្លងសូម្បីតែអ្នកនាំពាក្យពីកម្ពុជាបន្ថែមទៀត។

ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ក៏បានរម្លឹកថា នៅមុនពេលមានជម្លោះព្រំដែនជាមួយកម្ពុជា គឺភាគីថៃ ក៏បានប្រើប្រាស់យុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានកខ្វក់ បំភាន់ការពិតគ្រប់បែបយ៉ាង ក្នុងចេតនាភូតកហុសប្រជាពលរដ្ឋថៃខ្លួនឯង និងសាធាណមតិអន្តរជាតិ ឱ្យយល់ច្រឡំមកលើកម្ពុជាជាដើម។

បន្ទាប់ពីការភូតកហុសកាន់តែច្រើនឡើងមានអ្នកសារព័ត៌មានខ្លះ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរងការចោទប្រកាន់ថា បានក្លាយជាអ្នកនាំពាក្យរបស់រដ្ឋថៃ ដោយពួកគេបរាជ័យក្នុងការផ្ទៀងផ្ទាត់ព័ត៌មានផ្ដល់ដោយខាងរដ្ឋាភិបាល និងកងទ័ព។ ពួកគេត្រូវបានគេមើលឃើញថាបានផ្សាយព័ត៌មានតែម្ខាង រហូតដល់ដើរតួនាទីជាអ្នកគាំទ្រសង្រ្គាមទៀតផង៕