នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៤ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន ៣.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និង៤.បញ្ហាផ្សេងៗ។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក អភិបាលខេត្តប៉ៃលិន បានក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើង វិញ នូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបាន ទាន់ពេលវេលា ដោយមិនត្រូវរើសអើងប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាង សាធារណៈស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទី ភារៈកិច្ចប្រកបដោយការទទួលខុសត្រូវ ខ្ពស់ជាពិសេស បាន ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការ បម្រើសេវាសាធារណៈនានាបានល្អ ប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិន យើង មានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម ជា ចាន់ឌិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើការដោះស្រាយរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកប ដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ គួរជាទីមោទន។ ជាក់ស្តែងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមានការស្ងើចសសើរ មិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមប្រឹក្សា បានផ្តាំផ្ញើថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការ ដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧៕