សមាជិកគណកម្មការទី១ នៃរដ្ឋសភា និងព្រះមន្ត្រីសង្ឃខេត្តសៀមរាប នាំយកអំណោយរបស់សមាគមសង្រ្គោះជីវិត ចែកជូនដល់គ្រួសារកងទ័ព និងជនភៀសសឹក នៅស្រុកគូលែន


ឯកឧត្តម ប៊ុន ថាឬទ្ធិ សមាជិកគណកម្មការទី១ នៃរដ្ឋសភា និងព្រះមន្ត្រីសង្ឃខេត្តសៀមរាប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បាននិមន្ត និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលផ្តល់តាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការ វត្តប្រាសាទគោកចក និងពុទ្ធិកសមាគមកម្ពុជរដ្ឋ ដើម្បីមកចែកជូនដល់គ្រួសារកងទ័ព និងជនភៀសសឹក ចំនួន៥០០គ្រួសារ នៅស្រុកគូលែន ខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ថាឬទ្ធិ បានលើកឡើងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាសេចក្តីកង្វល់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនសប្បុរសជនជាតិ និងអន្តរជាតិ ដោយមិនអាចអោបដៃ បើកភ្នែងឈរមើលពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋឡើយ។

ឯកឧត្តមបន្តថា ម៉្យាងទៀត នៅពេលប្រជាពលរដ្ឋមានសេចក្ដីសុខ រាជរដ្ឋាភិបាល ក៏សប្បាយចិត្តជាមួយបងប្អូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមានទុក្ខលំបាក រាជរដ្ឋាភិបាល នឹងមិនទៅណាចោលបងប្អូននោះទេ និងបានយកចិត្តទុកដាក់រស់នៅជាមួយបងប្អូនជានិច្ច។

ឯកឧត្តមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសរងគ្រោះដោយសារការឈ្លានរបស់កងទ័ពថៃ ដែលជារឿងអកុសកល ហើយសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ។

ឯកឧត្តម ប៊ុន ថាឬទ្ធិ ក៏បានធ្វើការថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ ចំពោះប្រជាជនកម្ពុជា ក្នុងការចូលរួមដោះស្រាយទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ កាយវិការសប្បុរសធម៌នេះ នឹងធ្វើឲ្យក្លាយជាកាលានុវត្តភាព ក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង។

លោក Goh Tung Heng ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសិង្ហបូរី បានលើកឡើងអំពីគោលបំណងរបស់ក្រុមសមាគមសង្រ្គោះជីវិត គឺជាសមាគមមួយដែលមិនបម្រើនឲ្យនយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើកពិភពលោកនេះ។

លោកបញ្ជាក់ថា នេះជាអំណោយដ៏តិចតូចក្នុងការចូលរួមដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈពេលដែរ។ ហើយសមាគមរបស់លោក នឹងបន្តជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជួបការខ្វះខាតនៅតំបន់ និងមូលដ្ឋានផ្សេងៗទៀតផងដែរ៕