អភិបាលខេត្តតាកែវ ប្រគល់ប័ណ្ណសម្គាល់អចលនវត្ថុជិត២ពាន់ប័ណ្ណ ជូនប្រជាពលរដ្ឋនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់


ប័ណ្ណសម្គាល់អចលនវត្ថុជិត២,០០០ប័ណ្ណ ត្រូវបាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

នាឱកាសនោះឯកឧត្តម វ៉ី សំណាង បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញ ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការ គ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ លើការប្រកបអាជីវកម្មផ្សេងៗ តាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា ការផ្ដល់ប្លង់កម្មសិទ្ធិនេះ ក៏ជួយកាត់បន្ថយជម្លោះរឿងដីធ្លីបានមួយកម្រិតផងដែរ ដូច្នេះសូមប្រជាពលរដ្ឋដែលទទួលបានប្លង់រឹងទាំងនោះ ត្រូវថែរក្សាការពារឲ្យបានល្អ ព្រោះថាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងចៀសវាងនូវការរំលោភបំពានលើដីធ្លីរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើប្រជាពលរដ្ឋត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់ មុននឹងយកប្លង់កម្មសិទ្ធិទៅដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់មកបង្កើនមុខរបបរបស់ខ្លួន ចៀសវាងមានបញ្ហានៅពេលសងត្រលប់ទៅវិញ។

បើយោងតាម លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តតាកែវ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៧៤៣ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារដ៏មានសារៈសំខាន់ ជាឯកសារតំណាងឲ្យទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាឯកសារតំណាងឲ្យកម្មសិទ្ធិផ្ដាច់មុខ ហើយអាចបញ្ជៀសនូវជម្លោះផ្នែកដីធ្លីបានល្អ៕