សិក្ខាកាមជាមន្ត្រីជំនាញជាង២០០នាក់ មកពីរាជធានីខេត្ត៩ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល «ការធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលវិស័យសាធារណៈការ​ និងដឹកជញ្ជូន»


ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើជំនាញបច្ចេកទេស ជូនដល់មន្ត្រីតាមបណ្តារាជធានី ខេត្ត ចំនួន៩ រួមមាន៖​ កែប កំពត តាកែវ កណ្តាល ស្វាយរៀង កំពង់ស្ពឺ ព្រះសីហនុ កោះកុង និងរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០​២៥ នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សួន រតនារដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអបដំណើរ មន្ត្រីរាជការក្នុងខេត្ត និងអ្នកពាក់ព័ន្ធក្រោមឱវាទ រួមទាំងសិក្ខាកាម សរុប ២៩៣នាក់។

ក្នុងមតិស្វាគមន៍ ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍លើកឡើងថា ខេត្តកែប បានអនុវត្ត ការផ្តល់សេវារដ្ឋបាល លើវិស័យសាធារណៈការ និងដឹកជញ្ជូន តាមរយៈអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ដោយក្នុងឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តបានបង្កើតអោយមានក្រុមការងារ ដើម្បីសម្របសម្រួល ព្រមទាំងជំរុញការផ្តល់សេវាលើការចុះបញ្ជីជលយានយន្ត ជាលើកដំបូង បានចំនួន១១៧ទូក ដោយឡែកក្នុងឆ្នាំ២០២៥នេះ គឹតត្រឹមបំណាច់ឆមាសទី១ អង្គភាពច្រកចេញចូលតែមួយ ក៏បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុប ៧៨សេវាបន្ថែមផងដែរ។

នាឱកាសនោះឯកឧត្តម សួន រតនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា៖ ការលើកកម្ពស់សមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ លើវិស័យសាធារណៈការ និងដឹកជញ្ជូន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារសំខាន់ណាស់ ក្នុងការអនុវត្តមុខងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព និងតម្លាភាព ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយឆន្ទៈខ្ពស់ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានធ្វើកំណែទម្រង់នានា ព្រមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណើរការបានយ៉ាងល្អប្រសើរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា សិក្ខាកាមដែលអញ្ជើញមកពីរាជធានី-ខេត្ត ទាំង៩ នឹងយកចិត្តទុកដាក់ស្តាប់ ឈ្វេងយល់ ចូលរួមជាមតិយោបល់ឱ្យបានសកម្មផុលផុស ដើម្បីស្វែងរកចំណុចខ្លាំងខ្សោយ ក៏ដូចជាគន្លឹះល្អៗបន្ថែមទៀត សំដៅឈានទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ៕