ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ


ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយភាគីថៃ ដោយក្នុងនោះ កម្ពុជាក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិបានគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ហើយកម្ពុជាក៏បានគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលដែលបានឯកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ លោក ប៉ែន បូណា បានបញ្ជាក់ដែរថា ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមគូសបញ្ជាក់ឱ្យបានច្បាស់លាស់ដើម្បីប្រាប់ដល់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ឱ្យបានជ្រាបពីជំហរ ច្បាស់លាស់ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយភាគីថៃ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះជាមួយភាគីថៃ មានដូចជា៖

ទី១៖ ក្នុងនាមប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណៈរដ្ឋប្រជាមានិតចិន

ទី២៖ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលដែលបានឯកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាពិសេសចំណុចព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននោះឡើយ

ទី៣៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ​ មិនមែនជាការាប្រើប្រាស់កម្លាំងយោធានោះឡើយ៕