កម្ពុជាអំពាវនាវឱ្យថៃ គោរពបទឈប់បាញ់ និងស្មារតីនៃកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ដោយមិនត្រូវចល័តកងទ័ព ព្រមទាំងដើរល្បាតចូលទៅទីតាំងនៃភាគីម្ខាងទៀតឡើយ


លោកជំទាវ​ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាអំពាវនាវឱ្យថៃគោរពបទឈប់បាញ់ និងស្មារតី នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC ដោយមិនឱ្យមានការផ្លាស់ទីកងទ័ព មិនត្រូវចល័តកងទ័ព និងដើរល្បាតចូលទៅទីតាំងនៃភាគីម្ខាងទៀតឡើយ។

កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងចំណុចទី២ គឺភាគីទាំងពីរ ព្រមព្រៀងរក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល ដោយមិនធ្វើសកម្មភាពបន្ថែមទៀត ដូចដែលបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង ២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងសងខាង ក៏មិនត្រូវមានចលនាទាហានណាមួយទេ រួមទាំងការដើរល្បាតទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត។

ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបែបនេះ «កម្ពុជាអំពាវនាវភាគីថៃ គោរពនូវកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតីការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ GBC ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធានៅទីតាំងរបស់ខ្លួនបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យមានការផ្លាស់ទីតាំង ហួសទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលបទឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់ទាំងការដើរល្បាតលើទឹកដីភាគីម្ខាងទៀតឡើយ»

សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានថៃម្នាក់ទៀត ត្រូវបានដាច់ជើង ដោយសារដើរជាន់មីន បន្ទាប់ពីមានទាហានខ្លួន ៣នាក់ ក៏បានជាន់មីនកន្លងទៅនេះ។ ភាគីថៃបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ខណៈកម្ពុជាបានច្រានចោលម្តងហើយម្តងទៀតថា ខ្លួនមិនដែលដាក់មីនថ្មីនោះទេ និងគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះអនុសញ្ញាអូតាវ៉ា៕