សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) ខណៈលោក តុប សំ ត្រូវជាប់ឆ្នោតជាអនុប្រធាន។
ពិធីបោះឆ្នោតបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលប្រព្រឹត្តធ្វើឡើងនាអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
គួរឱ្យដឹងថា មុននឹងជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ។
ក្នុងនាមបេក្ខជនជាប់ឆ្នោតជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវអំណរគុណ ហើយសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឱ្យបានល្អដូចអាណត្តិទី១ ទី២ និងទី៣កន្លងមក។
ក្នុងអាណត្តិទី៤នេះ មានសមាជិកថ្មីចំនួន២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺលោក ឡាយ សំកុល ជ្រើសតាំងដោយព្រឹទ្ធសភា និងលោក ជីវ កេង ជ្រើសតាំងចេញពីគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ និងអង្គប្រជុំដែលមានការចូលរួមពីសំណាក់អនុប្រធានទី១ អនុប្រធាន ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែក ទាំងអស់ក្នុងអង្គភាព បានសម្តែងនូវការគោរពចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ពដែលបានការពារ បូរណភាពទឹកដីដ៏អង់អាចក្លាហាន ហើយសូមបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមការពារ ថែរក្សា និងនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ ដល់វីរកងទ័ពរបស់យើងក្នុងបុព្វហេតុការពារជាតិដែល មិនអាចកាត់ថ្លៃបាននេះ៕