ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលផ្ដល់អំណោយជូនគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ និងពលករមកពីប្រទេសថៃ


ក្រុមគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ និងពលករដែលវិលត្រឡប់មកពីប្រទេសថៃ ប្រមាណជាង៦០នាក់ រស់នៅក្នុងក្រុងកំពង់ឆ្នាំង បានទទួលអំណោយរួមទាំងថវិកា និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

ក្នុងនោះក៏មានការចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក-លោកស្រី អភិបាលរងខេត្ត, លោកអភិបាលក្រុងកំពង់ឆ្នាំង, និងមន្ត្រីរាជការ ក្រុង-សង្កាត់ជា ច្រើនរូបទៀត។

លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងសង្កាត់ទាំង៤ក្នុងក្រុង សូមសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងសហការីអមដំណើរ ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃចុះជួបសំណេះសំណាល ជាមួយក្រុមគ្រួសារវីរយុទ្ធជននៅសមរភូមិមុខ និងពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

លោកជំទាវបានបញ្ជាក់ថា ចាប់តាំងពីមានការឈ្លានពានមកលើបូរណភាពទឹកដី នៃអធិបតេយ្យភាពរបស់កម្ពុជា ពីសំណាក់ប្រទេសថៃ រដ្ឋបាលក្រុងកំពង់ឆ្នាំង ដែលមាន៤សង្កាត់ បានយកចិត្តទុកដាក់ពង្រឹង នូវការអនុវត្តផ្នែកសន្តិសុខ និងយកចិត្តទុកដាក់តាមដានទៅលើសភាពការណ៍ទូទៅដែលកើតមាននៅក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំងទាំងមូល ក្នុងនោះរដ្ឋបាលក្រុង ដែលមានលោក ហ៊ីង ភ័ពមិនា ជាអភិបាលក្រុង បានយកចិត្តទុកដាក់រៀបចំទីតាំង ដើម្បីទទួលនូវគ្រឿងឧបភោគបរិភោគ ពីសប្បុរសជននានាដែលបានស្ម័គ្រចិត្តចូលរួមឧបត្ថម្ភជូនដល់វីរយុទ្ធជន ដែលកំពុងឈរជើងការពារ បូរណភាពទឹកដីនៅសមរភូមិមុខ និងមួយផ្នែកទៀតជួយឧបត្ថម្ភជូនដល់ជនភាសសឹក ដែលរងនូវផលប៉ះពាល់បណ្ដាលមកពីការផ្ទុះអាវុធនៅតាមព្រំដែន ក្នុងនោះរដ្ឋបាលក្រុង ក៏បានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីសម្របសម្រួលទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងបានជូនទៅដល់លំនៅដ្ឋានរបស់ពួកគាត់ប្រកបដោយសុវត្ថិភាព និងបានរកការងារជូនពួកគាត់បានធ្វើគ្រប់ៗគ្នា។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្នុងឱកាសនោះ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រកបដោយមនោសញ្ចេតនានឹករលឹករាប់អានយ៉ាងកក់ ក្តៅជាទីបំផុត មកដល់គ្រួសារវីរយុទ្ធជន និងពលករទាំងអស់។

បច្ចុប្បន្ននេះទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំយកចិត្តទុកដាក់ទាំងបញ្ហាព្រំដែន និងបញ្ហាទទួលពលករដែលវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីធ្វើយ៉ាងណាឲ្យមានការងារធ្វើឲ្យបានគ្រប់ៗគ្នា ពិសេសសម្តេចបានយកចិត្តទុកដាក់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ដូច្នេះបច្ចុប្បន្ននេះទាំងសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ក៏ដូចជាថ្នាក់ដឹកនាំ បានខិតខំប្រឹងប្រែងគិតគូដោះស្រាយនូវបញ្ហាជាច្រើនជូនប្រទេសជាតិ សូមជឿជាក់ និងទុកចិត្តទៅលើថ្នាក់ដឹកនាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានសហការយ៉ាងល្អជាមួយអាជ្ញាធរខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ដោយយកអស់ពីកម្លាំងកាយចិត្តរក្សាបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងដោះស្រាយបានទាន់ពេលវេលា នូវរាល់បញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារវីរយុទ្ធជន និងពលករចំណាកស្រុក ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ដោយក្រុមការងារបានបង្កលក្ខណៈដឹកជញ្ជូនពួកគាត់ពីព្រំដែន និងជូនពួកគាត់បានទៅដល់មូលដ្ឋានជាស្រុកកំណើត ប្រកបដោយសុខសុវត្ថិភាព មិនតែប៉ុណ្ណោះ ទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង បានស្វះស្វែងរកការងារជូនពលករឲ្យមានការងារធ្វើគ្រប់ៗគ្នា។

ម្យ៉ាងវិញទៀត ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុង មានការឈ្លានពានមកលើបូរណភាពទឹកដីរបស់យើង ពីសំណាក់យោធាសៀម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរខេត្ត-ក្រុង និងស្រុកបំផុសដល់ប្រជាពលរដ្ឋ និងសប្បុរសជននានាដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ផ្ដល់ជូនដល់វីរកងទ័ពដែលកំពុងឈរជើង ការពារបូរណភាពទឹកដីនៅសមរភូមិមុខជាបន្តបន្ទាប់។ ទាំងនេះបង្ហាញពីការសាមគ្គីភាពជាតិ ក្នុងការរួមចំណែកការពារបូរណភាពទឹកដីរបស់យើង សកម្មភាពនេះ គឺបានធ្វើឡើងយ៉ាងផុលផុស និងសស្រាក់សស្រាំនៅទូទាំងប្រទេសផងដែរ៕