ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញអំពីវិធានការការទូតចំនួន ៩ចំណុច ដែលកម្ពុជាបានប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃកន្លងមក ដែលវិធានការទាំងនោះ កម្ពុជាក៏បានផ្តោតសំខាន់លើការគោរពបទឈប់បាញ់ និងចង់បានសន្តិភាព រួមទាំងការគោរពច្បាប់អន្តរជាតិផងដែរ។
ក្នុងឱកាសដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ លោក នង សាកល បានបញ្ជាក់យ៉ាងដូចនេះថា កម្ពុជាបានចាត់វិធានការតាមផ្លូវការទូត និងស្របតាមវិធានការអន្តរជាតិជាច្រើន ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងនោះកម្ពុជាបានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន រួមទាំងបណ្ដាប្រទេសជាមិត្តមួយចំនួនជាច្រើនទៀតដែលក្នុងនោះកម្ពុជាបានជូនដំណឹងពីវិធានការការទូត ៩ចំណុច។
ឯកឧត្តម នង សាកល បានបន្ថែមថា វិធានការការទូត ៩ចំណុច មានដូចជា៖ (១) បញ្ជាក់ពីជំហរកម្ពុជាគោរពបទឈប់បាញ់ និងចង់បានសន្តិភាព (២) កម្ពុជាគោរពច្បាប់អន្តរជាតិ (៣) គោរពធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ (៤) ស្នើឲ្យថៃគោរពម៉ឺងម៉ាត់ចំពោះស្មារតីកិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំងពីរបានឯកភាព (៥) ជំរុញឲ្យមានយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលដឹកនាំដោយប្រធានអាស៊ាន (៦) ជូនដំណឹងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC អំពីកងទ័ពថៃចាប់ទាហានកម្ពុជាដោយខុសច្បាប់ (៧) ជូនដំណឹងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ពាក់ព័ន្ធនឹងការចាប់ខ្លួនកងទ័ពកម្ពុជា ១៨នាក់ (៨) បានធ្វើការទំនាក់ទំនងជាមួយអាមេរិក ដែលបានជួយជំរុញយ៉ាងសកម្មឲ្យមានបទឈប់បាញ់គ្នា និងឲ្យជួយអន្តរាគមន៍ដល់ដល់ភាគីថៃ ឲ្យគោរពបទឈប់បាញ់បញ្ឈប់ការទន្ទ្រានកាន់កាប់ខុសច្បាប់ទឹកដីកម្ពុជា (៩) បានធ្វើការជំទាស់ប្រឆាំងជាផ្លូវការចំពោះភាគីម្ខាងទៀត ចំពោះការរំលោភ កសាងបន្លាលួសសំណាញ់ កង់ឡាន ការហ៊ុមព័ទ្ធយកដីភូមិរបស់ប្រជាពលរដ្ឋខ្មែរ៕