ឯកឧត្តម ឃួង ស្រេង ណែនាំសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារកណ្តាលទី២ ត្រូវខិតខំធ្វើកិច្ចការងារបម្រើប្រជាពលរដ្ឋបន្តទៀត


ឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំដល់សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាលទី២ ក៏ដូចជាសមាជិក សមាជិកាផ្សេងទៀត ត្រូវខិតខំធ្វើកិច្ចការងារបម្រើប្រជាពលរដ្ឋបន្តទៀត ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ កាន់តែបានឃើញអំពីសក្តានុពល និងមានជំនឿជឿជាក់ទៅលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា ថាពិតជាដឹកនាំកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនយ៉ាងពិតប្រាកដ នៅឆ្នាំ២០៥០ក្លាយជាប្រទេសអ្នកមានប្រាក់ចំណូលខ្ពស់។

ការថ្លែងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលធ្វើឡើងក្រោយចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ។

ជាមួយគ្នានេះឯកឧត្តម ឃួង ស្រេង បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្ស សង្កាត់ផ្សារកណ្តាលទី២ ដែលបានចូលរួមចំណែកធ្វើឲ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវជោគជ័យយ៉ាងភ្លុកទឹកភ្លុកដីជាប្រវត្តិសាស្ត្រ និងបានបង្ហាញពីសក្តានុពលរបស់កម្លាំងនៃសមាជិក សមាជិកា ដែលបានគាំទ្រដល់គណបក្ស។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងលើសលប់ ក្នុងការគាំទ្រពីប្រជាពលរដ្ឋ និងការផ្តល់ការទុកចិត្តដល់គណបក្ស ដើម្បីដឹកនាំតាំងពីថ្នាក់ក្រោមជាតិ ដល់ថ្នាក់ជាតិ ដែលជាកិច្ចការងារមួយ ដែលសមាជិក សមាជិកាទាំងអស់គ្នា នៃគណបក្សប្រជាជនកម្ពុជា ត្រូវឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលមានទំនុកចិត្តមកលើគណបក្ស គឺត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី បម្រើសេវាសាធារណៈ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាបម្រើសព្វបែបយ៉ាងជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហេតុនេះហើយយើងត្រូវជួបជុំគ្នា ដើម្បីពិភាក្សាពិគ្រោះយោបល់រកចំណុចខ្លាំង ចំណុចខ្សោយ និងត្រូវខិតខំធ្វើកិច្ចការងារបន្តទៀត ធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ ដើម្បីសម្រេចបានមហិច្ឆតារបស់គណបក្ស ក្នុងការដឹកនាំប្រទេសជារៀងរហូត។

ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរៀបចំយុវជនបន្តវេន ដែលមានសម្តេចមហាបវរធិបតី ជាប្រមុខរាជរដ្ឋាភិបាល ដោយបានបង្ហាញពីស្នាដៃស្វាហាប់ មុះមត់ និងឈ្លាសវៃបំផុត ក្នុងការដឹកនាំប្រទេសជាតិ នារយៈពេលកន្លងមកនេះ ដែលមានបញ្ហា និងឧបសគ្គជាច្រើន ដែលសម្តេចបានជួបប្រទះ ទាំងពីតំបន់អភិវឌ្ឍត្រីកោន CLV ក៏ដូចជាការជួបប្រទះនូវបញ្ហាព្រំដែន ក្នុងពេលថ្មីៗនេះ ជាមួយកងទ័ពថៃឈ្លានពាន សម្តេចបានបញ្ចេញនូវសក្តានុពល បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងឧត្តមភាពក្នុងកិច្ចការការពារបូរណភាពទឹកដី។

កម្ពុជាយើងកន្លងបានឈ្នះទាំងលើសមរភូមិប្រយុទ្ធ និងសមរភូមិការទូត។ កងទ័ពថៃបំពានក្រោយបទឈប់បាញ់ធ្វើការរាយបន្លាលួស ដាក់កង់ឡានជាការបង្ហាញឥទ្ធិពលនៃការឈ្លានពាន តែកម្ពុជាបន្តភាពអត់ធ្មត់ទុកឲ្យក្រុមអ្នកសង្កេតការណ៌ និងអន្តរជាតិ បានឃើញការពិត ដែលថៃធ្វើមកលើកម្ពុជា។ បន្ថែមលើនេះ លោក ឃួង ស្រេង បានណែនាំឲ្យសមាជិក សមាជិកាទាំងអស់គ្នា ត្រូវខិតខំធ្វើកិច្ចការងារបម្រើប្រជាពលរដ្ឋបន្តទៀត។

ជាងនេះទៅទៀត ឯកឧត្តមបានណែនាំឲ្យសមាជិក សមាជិកាទាំងអស់របស់គណបក្ស គឺជាឃោសនិករបស់គណបក្ស ត្រូវធ្វើការផ្សព្វផ្សាយ ធ្វើកិច្ចការងារជូនគណបក្សដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីឧត្តមគតិ របស់គណបក្ស ដែលប្តេជ្ញាចិត្ត បម្រើប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជា បានរំដោះឲ្យរួចផុតពីការកាប់សម្លាប់ ក្នុងរបប ប៉ុល ពត និងផ្តល់សិទ្ធិរស់រានមានជីវិតជូនប្រជាពលរដ្ឋ និងជាបន្តបន្ទាប់ រហូតដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ន៕