ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅទូទាំងស្រុកល្វាឯម ក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សរុបចំនួន ២៨៥នាក់។
ក្នុងឱកាសនេះឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុតពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភានិងជម្រាបជូនអំពីគោលបំណង នៃពិធីសំ ណេះសំណាលនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ និងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើប្រធានបទ «វិស័យកសិកម្ម, ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ព្រមទាំងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីដំណើរការប្រព្រឹត្តទៅនៃព្រឹទ្ធសភា នីតិកាលទី៥ និងតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកភូមិភាគទី៣។ ក្នុងនោះ ដើម្បីឱ្យការអនុវត្តមុខងារ ស្របនឹងបរិបទនៃការរីកចម្រើនរបស់សង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា សម្តេចតេជោប្រធានព្រឹទ្ធសភា បានដាក់ចេញនូវគោលដៅអាទិភាពចំនួនពីរ ទី១ គឺ «ការអនុវត្តការទូតសភា» និងអាទិភាពទី២ គឺ «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត»។
ក្រៅពីនេះ ឯកឧត្តម បានជំរុញឱ្យ អាជ្ញាធរទាំងអស់ខិតខំបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍក្នុងមូលដ្ឋាន។ ទម្ទឹមនេះ ឯកឧត្តម បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងជួយសម្រួលរកការងារជូនប្រជាពលករផង។
លោកជំទាវ សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៣ បាន ផ្សព្វផ្សាយអំពីផទ្ធផលនៃកិច្ច ប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាក់ទងប្រធានបទ “ប្រព័ន្ធគាំពារសង្គម” ដោយបានលើកឡើងថា ប្រព័ន្ធគាំពារសង្គមបានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ តាមរយៈកម្មវិធីនានារបស់រាជរដ្ឋាភិបាល។ លោកជំទាវ បានគូសបញ្ជាក់ទៀតថា ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឱ្យមានភាពរឹងមាំ ភាពធន់ និងប្រសិទ្ធភាព, រាជរដ្ឋាភិបាលនីតិកាលទី៧ បានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយ ផ្តោតលើធាតុសំខាន់ចំនួន៣៖ ទី១- ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២- ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ, និង ទី៣- ក្របខណ្ឌស្ថាប័ន។
បន្ទាប់មកលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានធ្វើបទអន្តរាគមន៍ទាក់ទងនឹងប្រធានបទ “សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដោយបានលើកឡើងអំពីផលប្រយោជន៍ និងសារសំខាន់នៃការចុះឈ្មោះចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីជំរុញឱ្យអាជីវកម្មរបស់ពួកគាត់មានការអភិវឌ្ឍប្រកបដោយចីរភាព ភាពរឹងមាំ ភាពធន់នឹងវិបត្តិ ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន និងមានអ្នកវិនិយោគមកវិនិយោគកាន់តែច្រើន។
ក្រៅពីនេះ លោកជំទាវបណ្ឌិត បានចូលរួមឆ្លើយបំភ្លឺលើបញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងការអនុវត្តការងារចុះបញ្ជីអត្រានុកូលដ្ឋានរបស់អាជ្ញាធរឃុំ សង្កាត់ ដោយបានលើកឡើងអំពីច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងក្រមរដ្ឋប្បវេណីមរតកសាសន៍ ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្លងតាមការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ដាច់ដោយឡែកពីគ្នារួចមក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ក្រៅពីនេះ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗដែលកើតមានឡើងនៅពេលបច្ចុ ប្បន្ន និង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាពិសេសភាពអង់អាចក្លាហានរបស់វីរកងទ័ពយើង និងការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាព ទឹកដី និងដែនអធិបតេយ្យជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ។
ឯកឧត្តមប្រធានក្រុម បានលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់គ្នា បន្តរួមគ្នាធ្វើពលីកម្ម រែកពុន ប្រឹងប្រែង តស៊ូ និងជម្នះរាល់ឧបសគ្គ ដើម្បីប្រែក្លាយទុក្ខលំបាកអស់ទាំងនេះ ជាកម្លាំងសាមគ្គី ឯកភាពជាតិដ៏រឹងមាំ និងជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេ ជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់វិធានការណ៍រការពារទឹកដីមាតុភូមិនេះមិនឱ្យបាត់ បង់សូម្បីតែមួយមីលីម៉ែត្រឡើយ និងដោះស្រាយវិវាទព្រំប្រទល់ជា មួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយ ថវិកាសរុបទាំងអស់ចំនួន ១៣,៦៣០,០ ០០រៀល៕