ឯកឧត្តម ឌិត​ ទីណា​ អញ្ជេីញដឹកនាំក្រុមការងារចុះសួរសុខទុក្ខពុកម៉ែបងប្អូនភៀសខ្លួន​ នៅខេត្តបន្ទាយមានជ័យ


នាព្រឹកថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណេីរដោយ​ឯក​ឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខពុកម៉ែបងប្អូនភៀសខ្លួនដោយសារកងទ័ពថៃចូលមករាយបន្លាលួស ចំនួន១២គ្រួសារនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី​ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ ហើយទុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅគេហដ្ឋានវិញ៕