ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃ! អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ពលរដ្ឋខ្មែរមិនអាចរើផ្ទះចេញ តាមការទាមទាររបស់ថៃទេ, អាជ្ញាធរ និងកម្លាំងនៅការពារប្រជាពលរដ្ឋ


ឆ្លើយតបនឹងការឡើងពាក់ ព័ន្ធនឹងការទាមទាររបស់ថៃ ដោយទាមទារឱ្យប្រជាពលរដ្ឋខ្មែររស់នៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រើចេញពីលំឋាននោះ, ឯកឧត្តម អ៊ុំ រាត្រី អភិអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ត្រឡប់ទៅវិញថា រឿងនេះ គឺមិនអាចទៅរួចនោះទេ ពីព្រោះផ្ទះ និងដី គឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះអាជ្ញាធរនឹងកងកម្លាំង នឹងនៅការពារពលរដ្ឋខ្មែរពីសកម្មភាពបណ្តេញពលរដ្ឋចេញលំនៅឋានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសធ្វើបទបង្ហាញពីស្ថានការណ៍ព្រំដែននៅចំណុចភូមិព្រៃចាន់ និងភូមជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលត្រូវកងទ័ពថៃ រាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជពលរដ្ឋខ្មែរ បន្ទាប់ពីបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន ជូនដល់ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឱ្យរើរបៀបម៉េចបើដីផ្ទះ របស់ប្រជាពលរដ្ឋខ្មែរ តើឱ្យរើរបៀបម៉េច? ប្រជាពលរដ្ឋខ្មែរ មិនអាចរើចេញនោះទេ អាជ្ញាធរនឹងនៅការពារពួកគាត់ កងកម្លាំងនឹងការពារពួកគាត់ ពីព្រោះជាដីរបស់ពួកគាត់»

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមថា ដី និងផ្ទះជារបស់ប្រជាពលរដ្ឋខ្មែរ ជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះ គឺមិនមាននរណាមានសិទ្ធិរើផ្ទះប្រជាពលរដ្ឋចេញនោះទេ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការសោកស្តាយដោយសារតែភាគីថៃ មិនដែលបានឆ្លើយតបមកវិញនូវលិខិតទាំងឡាយដែលភាគីកម្ពុជា បានផ្ញើទៅឱ្យនោះទេ ចំណុចនេះគឺជាផលលំបាកក្នុងដោះស្រាយបញ្ហានៅចំពោះជាដើម៕